លោក​ សុខ លូ​ អភិបាលខេត្តកំព​ង់ធំនិងលោក​ ស៊ុន ចាន់ថុលរដ្ឋមន្ត្រី​ក្រសួងសា​ធា​រណការ​និងដឹកជញ្ជូន​គួរចាត់វិធានការទប់ស្កា​ត់អំ​ពើពុករលួយ​ក្រុមមន្ត្រី​ប្រចាំស្ថា​នីយ៍ជញ្ជីង​ថ្លឹងរថ​យន្តរឿងពុករលួយ​ស្រុកស​ន្ទុក

By | September 29, 2018

សកម្មភាព​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦ ភូមិ​ត្រើយ​ម្យ៉ា​ប  ឃុំ​ប្រាសាទ ស្រុក​សន្ទុក  ខេត្តកំពង់ធំ ក្នុងការ​ប្រមូល ​លុយ​ពី​ម្ចាស់​រថយន្ត​ធំៗ​ដឹកទំនិញ​ និង​ដឹក​កសិផល​លើស​ទម្ងន់ ​ដោយ​គ្មាន​ការត្រួតពិនិត្យ  កំពុង​ត្រូវបាន​បើក​កកាយ​ជា​ សាធារណៈ​។ មានការ​រិះគន់​ចំៗ​ ថា​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង ​រថយន្ត​នោះ​កំពុង​សប្បាយ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល ហើយ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់ អាច​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ទាំងយប់​ទាំង​ថ្ងៃ​។ ចំណែក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦ ក្នុងស្រុក​សន្ទុក កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​។​

​ប្រភពពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ បា​ន្យ​ដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏​ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ត្រើយ​ម្យ៉ា​ម ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ នោះដែរ​។ ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ​ដោយ​គោរព​តាមច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​ត្រើយ​ម្យ៉ា​ម នោះឡើយ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​ត្រើយ​ម្យ៉ា​ម ជាបន្ទាន់​។​

​ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦ ក្នុងស្រុក​សន្ទុក គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។ ជាការ​ពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​តាម​អំពើ​ចិត្ត គឺ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦ ភូមិ​ត្រើយ​ម្យ៉ា​ម មិន​ចាត់វិធានការ​តាមច្បាប់​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រី​ទាំងនោះ​គ្រាន់តែ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ​ធ្វើ​ឲ្យ​ខូច​ផ្លូវ ខូច​ស្ពាន​ឡើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ត្រើយ​ម្យ៉ា​ម ឃុំ​ប្រាសាទ ស្រុក​សន្ទុក បាន​ឲ្យ​ដឹងថា ពេល​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​តាម​ការ​កំណត់ដោយ​មិនអាច​តវ៉ា​បានទេ​។ ប្រសិនបើ​ឈ្មួញ​ឬ​អាជីវក​រណា​ហ៊ាន​តវ៉ា ប្រាកដជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​ត្រើយ​ម្យ៉ា​ម ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ រករឿង​ឲ្យ​រើ​ទំនិញ​ចុះឡើង​តាម​អំពើ​ចិត្ត​របស់​ពួកគេ​ជាមិនខាន​។ ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើផ្លូវ​ជាតិ​លេខ​៦ យ៉ាង​គគ្រឹកគគ្រេង​បណ្ដោយ​ឲ្យ​ខូច​ផ្លូវ ខូច​ស្ពាន​ជា​បន្តបន្ទាប់​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦ ក្នុងស្រុក​សន្ទុក កំពុង​ក្លាយទៅជា​ក្រុម​ជញ្ជីង​ថ្លឹង​លុយ។(មានត)

 

Leave a Reply

Your email address will not be published. Required fields are marked *