សេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តដឹកទំនិញ រថយន្តដឹកកសិផល រថយន្តដឹកឈើធំៗផ្ទុកលើសទម្ងន់រាប់រយគ្រឿងបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៧ ស្រុកស្នួល ចូលទៅខេត្តត្បូងឃ្មុំ ដោយមិនបានចូលថឹ្លងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឡើយ។ សមត្ថកិច្ចពាក់ព័ន្ធបានបញ្ជាក់ថា សម្រាប់រថយន្តធុនធំដឹកជញ្ជូនទំនិញត្រូវបង់លុយក្នុងមួយគ្រឿងពី១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀល ដូច្នេះក្នុងមួយថ្ងៃៗលោក អ៊ុយ ហឿន និងបក្ខពួកប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រភពបានឲ្យដឹងទៀតថា ម្ចាស់រថយន្តទាំងនោះគ្រាន់តែបង់លុយតាមការកំណត់របស់លោក អ៊ុយ ហឿន និងបក្ខពួកគឺអាចបន្តដំណើរទៅមុខយ៉ាងរលូនព្រោះលោក អ៊ុយ ហឿន និងបក្ខពួកគិតែពីរឿងប្រមូលលុយដោយមិនខ្វល់ពីការរិះគន់អ្វីឡើយ។ ដូច្នេះលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្ដោយឲ្យលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ព្រមទាំងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។
ក្រុមឈ្មួញនិងក្រុមអាជីវករដែលដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផល ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា លោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះ ព្រមទាំងបក្ខពួកគាបយកលុយពីពួកគាត់តាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា លោក អ៊ុយ ហឿន និងបក្ខពួកមិនចាត់វិធានការទៅលើរថយន្តផ្ទុកលើសទម្ងន់ឬរថយន្តកែច្នៃតទ្រុងតកន្ទុយខុសលក្ខណៈបច្ចេកទេសនោះទេ គឺគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។ ក្រុមឈ្មួញនិងក្រុមអាជីវករបានរិះគន់ថា លោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ព្រមទាំងបក្ខពួកកំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូន ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ផងដែរ។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ទេនោះគឺលោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ពិនិត្យឡើងវិញជាបន្ទាន់ចំពោះអំពើពុករលួយរបស់លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ព្រមទាំងបក្ខពួកជាបន្ទាន់។ ដោយហេតុថាករណីលោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ កំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ហើយលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការខេត្តក្រចេះ គឺជាអ្នកទទួលខុសត្រូវធំជាងគេជុំវិញភាពមិនប្រក្រតីខាងលើនេះ។បឋម