មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានកត់សម្គាល់ថា ចាប់តាំងពីលោក វ៉ា ថន ឡើងកាន់តំណែង ជាអភិបាលខេត្ត ក្រចេះ ជំនួសលោក សរ ចំរ៉ុង រួចមកគឺបទល្មើសដឹក ជញ្ជូនឈើឆ្លង កាត់ខេត្តក្រចេះ ពុំមានការថយ ចុះ នោះឡើយ ។ ជាក់ស្ដែងឈ្មួញជា មន្ត្រីយោធាឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ នៅតែបន្តសកម្មភាព ដឹកជញ្ជូនឈើចេញពីឃុំក្បាលដំរី ស្រុកសំបូរ ចូលទៅក្រុងក្រចេះ យ៉ាងរលូនគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ ជាពិសេសលោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ត្រូវបានមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើរិះគន់ថា គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ហើយទុកឲ្យឈ្មួញជាមន្ត្រីយោធាឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង។ លើសនេះទៅទៀតឈ្មួញឈ្មោះ ចែមុំ ហៅម៉ាប់ និងប្ដីឈ្មោះ ធី ក៏បន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ចេញទៅស្រុកយួនយ៉ាងរលូនផងដែរ។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឈ្មួញជាមន្ត្រីយោធាឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ ធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង៨គ្រឿងនិងរ៉ឺម៉ក៦គ្រឿងចេញពីភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ យ៉ាងរលូន។ ប្រជាពលរដ្ឋបានអះអាងថា មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានចាត់វិធានការបង្ក្រាបរថយន្ត ក៏ដូចជារ៉ឺម៉កដឹកឈើរបស់មន្ត្រីយោធាឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ នោះទេព្រោះខ្លាចបាត់បង់ផលប្រយោជន៍។ ប្រភពខ្លះបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកសំបូរ ខេត្តក្រចេះ បានចាត់ទុកឈ្មួញឈើជាមន្ត្រីយោធាឈ្មោះ ភារម្យ និងឈ្មោះ ភារ៉ាត់ ជាប្រភពចំណូលរបស់ពួកគេទើបពួកគេមិនបង្ក្រាបឈ្មួញ២នាក់នេះ។
មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តក្រចេះ មួយចំនួនបានលើកឡើងថា ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសបំផ្លាញព្រៃឈើនិងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ដែលនៅតែបន្តកើតឡើងយ៉ាងរាលដាលនោះទេ។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ហើយនាំចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយគ្មានញញើតអ្វីឡើយព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័ន។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ត្រូវប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើឲ្យស្របតាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាល។បឋម