រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យូ ហេង មេគយខេត្តបាត់ដំបង ត្រូវបានលាតត្រាដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ទុកឲ្យលោក យូ ហេង បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀត។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក យូ ហេង ដើម្បីកុំឲ្យលោក យូ ហេង ប្រើតួនាទីអំណាចធ្វើអ្វីៗតាមតែអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះ។
ថ្មីៗនេះប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក យូ ហេង មកកាន់តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ជំនួសលោក ឈុន សុភមង្គល រួចមកគឺលោក យូ ហេង កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថាលោក យូ ហេង កំពុងយកបទពិសោធន៍នៃការប្រព្រឹត្តអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ មកអនុវត្តន៍នៅក្នុងខេត្តបាត់ដំបង យ៉ាងជំនាញតែម្តង។ ក្នុងនោះលោក យូ ហេង បានឃុបឃិតឲ្យប្រធានការិយាល័យគយតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យូ ហេង និងមន្ត្រីគយតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង ខ្លះផង។
បើតាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង បង់ពន្ធត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញធំៗឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមន្ត្រីគយពុករលួយយ៉ាងរលូន។ លើសនេះទៅទៀតប្រធានការិយាល័យគយតាមបណ្ដាច្រកព្រំដែនមួយចំនួនហ៊ានឃុបឃិតជាមួយឈ្មួញកែឯកសារបន្លំប្រភេទទំនិញដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងគឃ្លើន ព្រោះមានការសម្របសម្រួលពីសំណាក់លោក យូ ហេង ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ បើតាមប្រភពពីមន្ត្រីគយខេត្តបាត់ដំបង ដែលស្និទ្ធនឹងលោក យូ ហេង បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក យូ ហេង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពដែលស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងទៀតថា ឈ្មួញធំៗជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក កាន់តែច្រើនឡើងៗ។ ទន្ទឹមនឹងនេះមន្ត្រីគយប្រចាំច្រកព្រំដែនទាំងនោះបានគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញនិងអាជីវករតូចតាច ក៏ដូចជាប្រជាពលរដ្ឋដែលនាំទំនិញពីទឹកដីសៀមចូលទឹកដីខ្មែរដោយពុំមានការយោគយល់បន្តិចណាឡើយ។ បើតាមការបង្ហើបពីមន្ត្រីគយដែលបម្រើការងារនៅក្នុងខេត្តបាត់ដំបង យូរឆ្នាំបានឲ្យដឹងថា សព្វថ្ងៃនេះលោក យូ ហេង ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងកាលលោក ឈុន សុភមង្គល ពេលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង ទៅទៀត។ មិនតែប៉ុណ្ណោះលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកគយនិងមេគយធំៗមួយចំនួនមកបិទបាំងទង្វើរបស់ខ្លួន។មានត