ប្រភពដែលស្និទ្ធនឹងលោក យូ ហេង បានបង្ហើបឲ្យដឹងថា ដោយសារចំណាយដើមទុនយ៉ាងច្រើនដើម្បើទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ទើបលោក យូ ហេង ខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់ដោយគ្មានញញើតអ្វីទាំងអស់។ បច្ចុប្បន្នលោក យូ ហេង យកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្តរមានជ័យ មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តបាត់ដំបង យ៉ាងពេញទំហឹងតែម្តង។ ចំណែកលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យូ ហេង ត្រូវបានបើកកកាយជាបន្តបន្ទាប់ក៏ដោយ។ ប្រការនេះហើយដែលលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ហ៊ានបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយនិងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ បើប្រៀបធៀបជាមួយប្រធានសាខាគយនៃបណ្ដាខេត្តដទៃទៀត។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ អំពើពុករលួយយ៉ាងពេញទំហឹងរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង នៅពេលនេះគឺការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់តាមច្រកព្រំដែន ច្រកតំបន់និងច្រករបៀងក្នុងស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកសំឡូត តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពពីមន្ត្រីគយក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យូ ហេង ទេនោះគឺប្រធានការិយាល័យគយតាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំឡូត និងស្រុកសំពៅលូន មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។
សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា ការដែលឈ្មួញអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែន ច្រកតំបន់និងច្រករបៀងច្រើនកន្លែងក្នុងខេត្តបាត់ដំបង ហើយអាចដឹកជញ្ជូនទៅដល់រាជធានីភ្នំពេញ គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក យូ ហេង និងក្រុមគយចល័តក្នុងខេត្តបាត់ដំបង។ មានការកត់សម្គាល់ទៀតថា ចាប់តាំងពីលោក យូ ហេង ទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះគឺលោក យូ ហេង មិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ទាល់តែសោះ។ ផ្ទុយទៅវិញលោក យូ ហេង កំពុងប្រើអំណាចនិងតួនាទីជាប្រធានសាខាគយខេត្តបាត់ដំបង ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុកដើម្បីប្រមូលលុយស្រង់ដើមហើយសូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មិនទប់ស្កាត់អំពើពុករលួយរបស់លោក យូ ហេង ដែលជាប្រធានសាខាគយខេត្តបាត់ដំបង។បឋម