ប្រភពដែលស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងទៀតថា ឈ្មួញធំៗជា ច្រើននាក់ស ម្រុក នាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំ ដែនក្នុង ស្រុក សំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក កាន់តែច្រើនឡើងៗ។ ទន្ទឹមនឹងនេះមន្ត្រីគយប្រចាំច្រកព្រំដែនទាំងនោះបានគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញនិងអាជីវករតូចតាច ក៏ដូចជាប្រជាពលរដ្ឋដែលនាំទំនិញពីទឹកដីសៀមចូលទឹកដីខ្មែរដោយពុំមានការយោគយល់បន្តិចណាឡើយ។ បើតាមការបង្ហើបពីមន្ត្រីគយដែលបម្រើការងារនៅក្នុងខេត្តបាត់ដំបង យូរឆ្នាំបានឲ្យដឹងថា សព្វថ្ងៃនេះលោក យូ ហេង ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងកាលលោក ឈុន សុភមង្គល ពេលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង ទៅទៀត។ មិនតែប៉ុណ្ណោះលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកគយនិងមេគយធំៗមួយចំនួនមកបិទបាំងទង្វើរបស់ខ្លួន។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោក យូ ហេង មកកាន់តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ជំនួសលោក ឈុន សុភមង្គល រួចមកគឺលោក យូ ហេង កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថាលោក យូ ហេង កំពុងយកបទពិសោធន៍នៃការប្រព្រឹត្តអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ មកអនុវត្តន៍នៅក្នុងខេត្តបាត់ដំបង យ៉ាងជំនាញតែម្តង។ ក្នុងនោះលោក យូ ហេង បានឃុបឃិតឲ្យប្រធានការិយាល័យគយតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក យូ ហេង និងមន្ត្រីគយតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង ខ្លះផង។
បើតាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង បង់ពន្ធត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញធំៗឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមន្ត្រីគយពុករលួយយ៉ាងរលូន។ លើសនេះទៅទៀតប្រធានការិយាល័យគយតាមបណ្ដាច្រកព្រំដែនមួយចំនួនហ៊ានឃុបឃិតជាមួយឈ្មួញកែឯកសារបន្លំប្រភេទទំនិញដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងគឃ្លើន ព្រោះមានការសម្របសម្រួលពីសំណាក់លោក យូ ហេង ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ បើតាមប្រភពពីមន្ត្រីគយខេត្តបាត់ដំបង ដែលស្និទ្ធនឹងលោក យូ ហេង បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក យូ ហេង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។(មានតភាគ)