ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ណុប ឌី ដែល មានការ ឃុបឃិតបើកដៃពីសំណាក់ លោក ប្រាក់ អ៊ីឡេង ប្រធានស្នាក់ការដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ខេត្ត ពោធិ៍ សា ត់ កំពុងសម្រុកបំផ្លាញ ព្រៃឈើក្នុងតំបន់ដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងមហន្តរាយ។ ប្រភពបានឲ្យដឹងទៀត ថា មេឈ្មួញ ណុប ឌី បានសម្របសម្រួលឲ្យឈ្មួញតូចៗដាក់ម៉ាស៊ីនអារឈើចំនួន១០គ្រឿងនៅលើភ្នំច្រេះ ដើម្បីអារឈើលក់ឲ្យខ្លួនហើយឈ្មួញតូចៗត្រូវបង់ក្នុងម្នាក់ៗ២០០០ដុល្លារសម្រាប់ម៉ាស៊ីនអារឈើមួយគ្រឿង។ បន្ទាប់មកមេឈ្មួញ ណុប ឌី ប្រមូលទិញឈើពីឈ្មួញតូចៗទាំងនោះក្នុងតម្លៃថោកជាងឈ្មួញដទៃទៀត ហើយបើឈ្មួញតូចមិនលក់ឲ្យខ្លួនទេនោះ គឺមេឈ្មួញ ណុប ឌី ប្រាប់ឲ្យលោក ប្រាក់ អ៊ីឡេង ចាត់វិធានការបង្ក្រាបជាមិនខាន។
សេចក្ដីរាយការណ៍ពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថាមេឈ្មួញ ណុប ឌី មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឈ្មួញ តាំង អៀង ផងដែរហើយឈ្មួញ២នាក់នេះឃុបឃិតគ្នាប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន ព្រោះគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ពួកគេទេ។ ជាក់ស្ដែងមេឈ្មួញ ណុប ឌី បានដាក់ពង្រាយម៉ាស៊ីនអារឈើចំនួន១០គ្រឿងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ ប៉ុន្តែលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក សាយ សំអាល់ រដ្ឋមន្ត្រក្រសួងបរិស្ថាន ក៏រក្សាភាពស្ងៀមស្ងាត់ដែរក្នុងខណៈដែលព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ កំពុងប្រឈមនឹងសេចក្ដីវិនាសក៏ដោយ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់ជាពិសេសឈ្មួញឈ្មោះ ណុប ឌី ឈ្មួញឈ្មោះ តាំង អៀង និងឈ្មួញឈ្មោះ ង៉ូវ ទី ជាដើមដឹកជញ្ជូនចេញពីខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុក។ មានការរិះគន់ចំៗថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របទៅតាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេ ផ្ទុយទៅវិញលោក ម៉ៅ ធនិន ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងគគ្រឹកគគ្រេង។ មិនតែប៉ុណ្ណោះថ្មីៗនេះមានការលាតត្រដាងថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មានរថយន្តធុនធំជាច្រើនគ្រឿងសម្រាប់ជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើចេញពីខេត្តពោធិ៦សាត់ ទៅដល់គោលដៅ។
ឈ្មួញតូចៗមួយចំនួនបានឲ្យដឹងថា ការដែលពួកគេអាចយកម៉ាស៊ីនអារឈើ១០គ្រឿងចូលក្នុងតំបន់ភ្នំច្រេះ គឺដោយសារមានការសម្របសម្រួលពីសំណាក់មេឈ្មួញ ណុប ឌី និងលោក ប្រាក់ អ៊ីឡេង ប្រធានសា្នក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់។ ឈ្មួញទាំងនោះបានបញ្ជាក់ថា ឈើដែលពួកគេអាររួចត្រូវលក់ឲ្យមេឈ្មួញ ណុប ឌី ក្នុងតម្លៃទាបបើមិនដូច្នេះទេត្រូវលោក ប្រាក់ អ៊ីឡេង ចាត់វិធានការបង្ក្រាបជាមិនខាន ព្រោះលោក ប្រាក់ អ៊ីឡេង ទទួលផលប្រយោជន៍ជាប្រចាំពីមេឈ្មួញ ណុប ឌី និងមេឈ្មួញ តាំង អៀង។ កន្លងមកមានឈ្មួញតូចៗខ្លះមិនលក់ឈើឲ្យមេឈ្មួញ ណុប ឌី ព្រោះឈ្មួញម្នាក់នេះប្រមូលទិញក្នុងតម្លៃទាបជាងឈ្មួញធំៗដទៃទៀត ក៏ត្រូវលោក ប្រាក់ អ៊ីឡេង បង្ក្រាបដើម្បីជាការព្រមាន។បឋម