ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើ ក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា មួយរយៈ ពេលចុងក្រោយ នេះមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ កំពុងបន្តសកម្មភាព កាប់ឈើ អារច្រៀក ឈើ ដឹក ជញ្ជូន ចេញពីស្រុកសេសាន ខេត្តស្ទឹងត្រែង យ៉ាងគគ្រឹកគគ្រេង ព្រោះគ្មានមន្ត្រីបរិស្ថាន មន្ត្រី រដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ច ពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា បើទោះបីនៅក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនិសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មបន្តទៀតក៏ដោយ ក៏ឧកញ៉ា ជ័យ បន្តបំពានកាប់ឈើក្នុងព្រៃការពារ ព្រៃអភិរក្ស និងព្រៃសហគមន៍ក្បែរៗនោះយ៉ាងមហន្តរាយ។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ ព្រោះលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មិនចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើដែលកើតឡើងយ៉ាងរាលដាលនោះទេ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមេឈ្មួញ ម៉ឹក សុភផាន់ណារ៉េត ហៅឧកញ៉ា ជ័យ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ កាន់តែខ្លាំងក្លាលើសមុនទៅទៀត។ ប្រភពបានឲ្យដឹងថា ឈើដែលគេដឹកជញ្ជូនចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅពេលនេះគឺជាឈើដែលកាប់នៅក្នុងព្រៃការពារ ព្រៃសហគមន៍ និងព្រៃអភិរក្សក្នុងស្រុកសេសាន ក៏ដូចជាស្រុកសៀមប៉ាង ហើយនាំចូលទៅអារច្រៀកក្នុងរោងចក្រអារឈើរបស់ក្រុមហ៊ុន។ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ឃុបឃិតឲ្យឧកញ៉ា ជ័យ ធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។
តាមសេចក្ដីរាយការណ៍ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឧកញ៉ា ជ័យ បានប្រើប្រាស់សាឡង់ធំៗអូសឈើបណ្ដែតតាមទន្លេស្រែពក ចូលមករោងចក្រកែច្នៃឈើក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ឲ្យក្លាយជាឈើស្របច្បាប់ហើយដឹកចេញទៅស្រុកយួនយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នព្រៃការពារ ព្រៃអភិរក្ស និងព្រៃសហគមន៍នៅក្នុងស្រុកសេសាន កំពុងប្រឈមនឹងមហន្តរាយព្រោះឧកញ៉ា ជ័យ ដែលមានបក្ខពួកឈ្មោះ សាន ចយ កំពុងបំពានកាប់ឈើក្រៅបរិវេណផ្ទៃបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ តាមអំពើចិត្ត។ ឈើដែលអារច្រៀករួចត្រូវបានឧកញ៉ា ជ័យ និងមេឈ្មួញ សាន ចយ ប្រើប្រាស់រថយន្តយីឌុបធំៗចំណុះ៨០តោនទៅ១០០តោនដឹកចេញទៅស្រុកយួនតាមច្រកព្រំដែនត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងគឃ្លើន។
ប្រជាពលរដ្ឋនៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឧកញ៉ា ជ័យ និងមេឈ្មួញ សាន ចយ ជាបន្ទាន់មុនពេលព្រៃឈើក្នុងស្រុកសេសាន ត្រូវប្រឈមនឹងសេចក្ដីវិនាសទាំងស្រុងនាពេលឆាប់ៗខាងមុខ។ បើតាមប្រភពដែលស្និទ្ធនឹងឧកញ៉ា ជ័យ បានឲ្យដឹងថា ការដែលឧកញ៉ា ជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ជាខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។ ជាក់ស្ដែងកន្លងមកឧកញ៉ា ជ័យ កាប់ឈើ អារច្រៀកឈើ ដឹកជញ្ជូនពីស្រុកសេសាន ខេត្តស្ទឹងត្រែង ចេញទៅស្រុកយួនតាមច្រកព្រំដែនត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងពេញបន្ទុកមិនដែលមានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ទាល់តែសោះ។(មានត)