ប្រភពពីក្រុមឈ្មួញដឹកជញ្ជូន ទំនិញឆ្លងកាត់ផ្លូវជាតិលេខ២ បានឲ្យដឹងថា ទោះបីពួកគេផ្ទុក ទំនិញលើសទម្ងន់ ឬមិនលើស ទម្ងន់គឺត្រូវតែបង់លុយតាម ការកំណត់របស់លោក សិទ្ធ និងលោក រស់ ដោយមិនអាចតវ៉ា បានឡើយ។ ទន្ទឹមនឹងនេះលោក សិទ្ធ និងលោក រស់ បានឃុបឃិតឲ្យម្ចាស់រថយន្តដឹកទំនិញធំៗផ្ទុកទំនិញលើសទម្ងន់ ក៏ដូចជារថយន្តដឹកដី ដឹកខ្សាច់ ផ្ទុកលើសទម្ងន់ឆ្លងកាត់ផ្លូវជាតិលេខ២ ក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ តាមអំពើចិត្តធ្វើឲ្យខូចផ្លូវ ខូចស្ពាន ជាបន្តបន្ទាប់។ អំពើពុករលួយតាមច្រើនរូបភាពរបស់លោក សិទ្ធ និងលោក រស់ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ព្រមទាំងអនុប្រធានមន្ទីរច្រើននាក់ទៀតផងដែរ ហេតុនេះហើយទើបលោក ម៉ឹង យូឡេង បណ្ដោយឲ្យលោក សិទ្ធ និងលោក រស់ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្ដែតបណ្ដោយតទៀតទេ ព្រោះអំពើពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។
អំពើពុករលួយរបស់លោក សិទ្ធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២ ចំណុចភូមិព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងបក្ខពួកឈ្មោះ រស់ កំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពពីក្រុមឈ្មួញម្ចាស់រថយន្តដឹកទំនិញ ក៏ដូចជាម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ដឹកក្រួស ដឹកថ្ម បានឲ្យដឹងថា នៅពេលពួកគេបើកបររថយន្តឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ គឺត្រូវបង់លុយតាមការកំណត់របស់លោក សិទ្ធ និងលោក រស់ បើទោះបីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ។ លើសនេះទៅទៀតរថយន្តធំៗសណ្ដោងកន្ទុយវែងៗដែលផ្ទុកលើសទម្ងន់ឬខុសលក្ខណៈបច្ចេកទេស មិនដែលឃើញលោក សិទ្ធ និងលោក រស់ ចាត់វិធានការតាមច្បាប់ឡើយគឺឈ្មួញទាំងនោះគ្រាន់តែបង់លុយតាមការកំណត់ គឺអាចបន្តដំណើរទៅមុខយ៉ាងរលូន។
តាមប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ការដែលលោក សិទ្ធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ក្នុងភូមិព្រះពុទ្ធ ព្រមទាំងអនុប្រធានឈ្មោះ រស់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ឹង យូឡេង ដែលជាចៅហ្វាយនាយទេនោះគឺលោក សិទ្ធ និងលោក រស់ មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនឡើយ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនទំនិញលើសទម្ងន់ឆ្លងកាត់ផ្លូវជាតិលេខ២ យ៉ាងពេញបន្ទុក។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក សិទ្ធ និងលោក រស់ ជាបន្ទាន់ដើម្បីកុំឲ្យពួកគេធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀត។(មានត)