ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា ចាប់តាំងពីលោក ផាត សុផាន់ណា ទទួលបានតំណែងជានេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង ជំនួសលោក សៅ ប៊ុនរិទ្ធ រួចមកគឺលោក ផាត សុផាន់ណា កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ បើតាមប្រភពពីមន្ត្រីនគរបាលក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា ការដែលលោក ផាត សុផាន់ណា ហ៊ានប្រើតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការទប់ស្កាត់អំពើពុករលួយតាមច្រើនរូបភាពរបស់លោក ផាត សុផាន់ណា មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ជាបន្ទាន់។
ប្រភពដែលស្និទ្ធនឹងលោក ផាត សុផាន់ណា បានឲ្យដឹងថា បច្ចុប្បន្នមេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង រូបនេះកំពុងប្រមូលលុយតាមរយៈការធ្វើប័ណ្ណព្រំដែននិងប្រមូលលុយពីបទល្មើសផ្សេងៗដូចជា ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ជាដើម។ ប្រភពបានឲ្យដឹងទៀតថា សម្រាប់ការធ្វើសៀវភៅឆ្លងដែន១ក្បាល គឺលោក ផាត សុផាន់ណា តម្រូវឲ្យពលរដ្ឋបង់លុយ៨ម៉ឺនរៀលឬ២០ដុល្លារដែលផ្ទុយពីអនុក្រឹត្យលេខ៦៨ យ៉ាងកំរោល។ ជាងនេះទៅទៀតក្រុមនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង ក្រោមការគ្រប់គ្រងរបស់លោក ផាត សុផាន់ណា បានឃុបឃិតឲ្យពលករខ្មែរឆ្លងដែនទៅរកការងារធ្វើនៅស្រុកសៀម តាមរយៈមេខ្យល់និងការលួយធ្វើប័ណ្ណក្លែងក្លាយឲ្យពលករទាំងនោះទៀតផង។ ចំណែកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ធ្វើមិនដឹងមិនឮអ្វីទាំងអស់ព្រោះដឹងថាលោក ផាត សុផាន់ណា មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង មានខ្នបង្អែករឹងមាំ។
បើតាមប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំបឹងរាំង ស្រុកកំរៀង បានឲ្យដឹងថា បច្ចុប្បន្នលោក ផាត សុផាន់ណា បានដាក់ពង្រាយកម្លាំងក្រោមការគ្រប់គ្រងរបស់ខ្លួនជាច្រើនកន្លែងដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល ហើយមានការឃុបឃិតបើកច្រករបៀងមួយកន្លែងដែលគេហៅថា ច្រកស្វាយចេក(ដើមចាន់គិរី)ខាងលិចច្រកទ្វារអន្តរជាតិដូង ដែលនៅច្រកនេះមានមនុស្សចេញចូលយ៉ាងអនាធិបតេយ្យនៅពេលយប់និងពេលទៀបភ្លឺ។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំបឹងរាំង ស្រុកកំរៀង បានឲ្យដឹងថា ពលករដែលវិលត្រឡប់ពីធ្វើការងារនៅប្រទេសសៀមឬពលករដែលធ្វើចំណាកស្រុកទៅប្រទេសសៀម តែងត្រូវលោក ផាត សុផាន់ណា និងបក្ខពួកគាបយកលុយស្រេចតែអំពើចិត្តដោយគ្មានញញើតអ្វីឡើយ។ ដូច្នេះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ។