ប្រភពពីអ្នកធ្លាប់ចូល លេងល្បែងស៊ីសងក្នុងចំណតរថយន្តអូរស្មាច់ បានឲ្យដឹងថាឈ្មោះ កុក ទៀង បើកល្បែង ស៊ី សង ក្រោមស្លាកកាស៊ីណូ ហើយ បច្ចុប្បន្នល្បែងបញ្ជល់មាន់ យូគី បៀ អាប៉ោង កំពុងដំណើរការយ៉ាង រលូនព្រោះមាន ការឃុបឃិតពីមន្ត្រីអាជ្ញាធរមូល ដ្ឋាននិងក្រុមសមត្ថកិច្ចពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា អ្នកលេងល្បែងក្នុងខេត្តឧត្ដរមានជ័យ និងមកពីខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ជួបជុំគ្នាលេងល្បែងស៊ីសងក្នុងទីតាំងចំណតរថយន្តអូរស្មាច់ យ៉ាងពពាក់ពពូនហើយអ្នកខ្លះចាញ់អស់លុយកាក់ ម៉ូតូ និងរថយន្តជាបន្តបន្ទាប់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ចាត់វិធានការបង្ក្រាបជាបន្ទាន់ដើម្បីកុំឲ្យឈ្មោះ កុក ទៀង បើកល្បែងស៊ីសងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមតទៅទៀត។
ប្រជាពលរដ្ឋនៅភូមិអូរស្មាច់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាបច្ចុប្បន្នឈ្មោះ កុក ទៀង បានបើកលេងល្បែងស៊ីសងច្រើនប្រភេទនៅក្នុងចំណតរថយន្តអូរស្មាច់ ដោយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការទប់ស្កាត់ឡើយ។ សូម្បីតែលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ដោយមិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ប្រជាពលរដ្ឋក្នុងភូមិអូរស្មាច់ បានឲ្យដឹងថា កន្លងមកល្បែងស៊ីសងនៅក្នុងចំណតរថយន្តអូរស្មាច់ ត្រូវបានផ្អាកមួយរយៈប៉ុន្តែថ្មីៗនេះឈ្មោះ កុក ទៀង បានមកបើកល្បែងបញ្ជល់មាន់ យូគី បៀអាប៉ោង យ៉ាងរលូនដូចមុនដដែល។
ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថាឈ្មោះ កុក ទៀង មានខ្នងបង្អែករឹងមាំជាមន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តឧត្ដរមានជ័យ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហើយលោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក៏ដូចជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ មិនហ៊ានប៉ះពាល់មេល្បែងស៊ីសងម្នាក់នេះឡើយ។ ប្រភពបានឲ្យដឹងទៀតថា លោក កុក ទៀង គឺជាអ្នកមានអំណាច និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភល្បីឈ្មោះក្នុងខេត្តឧត្ដរមានជ័យ ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមួយចំនួនប្រហែលទទួលបានផលប្រយោជន៍ពីជននេះ ទើបបណ្ដោយឲ្យជននេះបើកល្បែងស៊ីសងក្នុងចំណតរថយន្តអូរស្មាច់ដោយសេរី។(បឋម)