ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្ត ត្បូងឃ្មុំ បានកត់សម្គាល់ថា ចាប់តាំងពីលោក ជាម ច័ន្ទសោភ័ណ មកកាន់តំ ណែ ង ជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង រួចមកគឺបទល្មើសដឹក ជញ្ជូនឈើចេញទៅស្រុក យួនតាមច្រក ព្រំដែនក្នុងស្រុកមេមត់ និងស្រុកពញាក្រែក ពុំមានការថយចុះនៅឡើយទេ។ ប្រភពពីមន្ត្រីក្នុងមន្ទីរ កសិកម្មខេត្ត ត្បូងឃ្មុំ បានបង្ហើបឲ្យដឹងថា ឈ្មួញមួយចំនួនបានយកលោក គឹម ឈុនលី មេរដ្ឋបាលព្រៃឈើជាបង្អែកដើម្បីពួកគេអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនដល់គោលដៅដោយគ្មានការរំខាន។ រីឯឈ្មួញមួយចំនួនទៀតបានយកលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ធ្វើជាបង្អែកដើម្បីធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់។ ដូច្នេះថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញអំពីបញ្ហាខាងលើនេះផងដែរ ព្រោះបច្ចុប្បន្នសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធកំពុងបន្តឃុបឃិតគ្នាបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានតាមតំបន់ព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះឈ្មួញធំៗ ជាពិសេសមេឈ្មួញ សឹង សំអុល បានដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដូង៧ដើម យ៉ាងពេញបន្ទុកព្រោះគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធឡើយ។ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ត្រូវមជ្ឈដ្ឋាននានារិះគន់ថា មិនយកចិត្តទុកដាក់បង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួននោះទេ ហើយបណ្ដោយឲ្យក្រុមឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត។ ទន្ទឹមនឹងនេះប្រភពខ្លះបានឲ្យដឹងថា ឈ្មួញជាមន្ត្រីនគរបាលដែលស្និទ្ធនឹងលោក បែន រ័ត្ន ក៏មានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងសុខស្រួលដែរ ព្រោះមានការឃុបឃិតជាប្រព័ន្ធ។
ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញជាមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថក្នុងខេត្តត្បូងឃ្មុំ មួយចំនួន នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយគ្មានញញើតអ្វីទាំងអស់។ ជាក់ស្ដែងថ្មីៗនេះស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ម្នាក់ត្រូវបានគេដឹងថាជាឈ្មួញល្បីខាងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើន ហើយការដែលស្នងការរងម្នាក់នោះអាចធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតពីសំណាក់លោក បែន រ័ត្ន ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពពីមន្ត្រីនគរបាលក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា លោក ធៀម ដែន ហៅតក់ មេនគរបាលប៉ុស្ដិ៍បឹងជ្រោង ស្រុកមេមត់ ដែលល្បីល្បាញខាងឃុបឃិតបើកច្រកឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួននោះ ក៏ជាមនុស្សជំនិតរបស់លោក បែន រ័ត្ន ផងដែរ។បឋម