ប្រភពដែលស្និទ្ធនឹងលោក នួន គឹមហេង ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តខែលជ័យ បានបញ្ជាក់ថា ទោះបីឈ្មួញ ខ្លះ ដឹក ជញ្ជូនទំនិញលើសទម្ងន់តាម រថយន្តសណ្ដោយកន្ទុយវែងៗ ក៏លោក នួន គឹមហេង ព្រម ទាំងបក្ខពួកមិ នចាត់វិ ធានការតាមច្បាប់ឡើយ។ ផ្ទុយទៅវិញលោក នួន គឹមហេង បានកំណត់ឲ្យឈ្មួញទាំងនោះបង់លុយក្នុងមួយរថយន្តចាប់ពី២០ម៉ឺនរៀលឡើងទៅដោយមិនចាំបាច់ចូលថ្លឹង បើទោះបីរថយន្តទាំងនោះអាចបង្កឲ្យខូចផ្លូវ ខូចស្ពាន យ៉ាងណាក៏ដោយ។ ប្រភពបានឲ្យដឹងទៀតថា ចាប់ពីម៉ោង១០យប់រហូតដល់ម៉ោង៤ទៀបភ្លឺ គឺមានរថយន្តធំៗដឹកជញ្ជូនទំនិញនិងកសិផលផ្សេងៗ ក៏ដូចជាដឹកឈើឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខែលជ័យ ពី១០០ទៅ១៥០គ្រឿងហើយបើរថយន្ត១គ្រឿងត្រូវបង់លុយ២០ម៉ឺនរៀល គឺលោក នួន គឹមហេង ប្រមូលលុយបានមិនតិចឡើយ?។ មានការសង្ស័យថាចំណូលទាំងនោះត្រូវបានចែករំលែកទៅប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រសួងសាធារណការផងដែរ ទើបលោក នួន គឹមហេង ព្រមទាំងបក្ខពួកអាចប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃដោយគ្មានញញើតអ្វីឡើយ។
ប្រភពពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម មួយចំនួនបានឲ្យដឹងថា ការដែលលោក នួន គឹមហេង ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខែលជ័យ ក្នុងស្រុកកំពង់សៀម ប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃគឺមានការឃុបឃិតពីសំណាក់លោក សុខ ស្រ៊ុន ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សុខ ស្រ៊ុន ទេនោះគឺលោក នួន គឹមហេង និងបក្ខពួកមិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ ហើយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ប្រាកដជាចាត់វិធានការប្រកបដោយប្រសិទ្ធភាពជាមិនខាន។ ប៉ុន្តែដោយសារមានការឃុបឃិតជាប្រព័ន្ធទើបលោក នួន គឹមហេង និងបក្ខពួកកំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តនៅក្នុងស្រុកកំពង់សៀម ឲ្យក្លាយទៅជាជញ្ជីងថ្លឹងលុយ ។
បញ្ជាក់ថារឿងអាស្រូវពុករលួយរបស់លោក នួន គឹមហេង ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត(ខែលជ័យ) និងអនុប្រធានគឺលោក សេង សុង ត្រូវបានមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម បើកកាយជាបន្តបន្ទាប់ដើម្បីឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះអំពើពុករលួយរបស់លោក នួន គឹមហេង និងបក្ខពួក ហើយបណ្ដោយឲ្យពួកគេប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។ មន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តកំពង់ចាម មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក នួន គឹមហេង និងបក្ខពួកហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ពួកគេ គឺដោយសារមានការឃុបឃិតពីសំណាក់ប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយផងដែរ។
បើតាមប្រភពពីក្រុមឈ្មួញ អាជីវករ ដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧១ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថាលោក នួន គឹមហេង ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខែលជ័យ បានគាបយកលុយពីពួកគេតាមរបៀបពុករលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ក្រុមអាជីវករនិងឈ្មួញដែលរកស៊ីដឹកជញ្ជូនដំឡូងមី គ្រាប់ស្វាយចន្ទី កៅស៊ូ និងឈើឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខែលជ័យ ក៏បានឲ្យដឹងដែរថាលោក នួន គឹមហេង និងបក្ខពួកមិនដែលអនុវត្តន៍តាមបទដ្ឋានបច្ចេកទេសឡើយ ហើយតម្រូវឲ្យពួកគេបង់លុយតាមការកំណត់តែម្តង។ បើទោះបីពួកគេដឹកជញ្ជូនកសិផលនិងទំនិញផ្សេងៗមិនលើសទម្ងន់ក៏ត្រូវតែបង់លុយឲ្យក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តនៅស្ថានីយ៍ខែលជ័យ ចៀសមិនផុតឡើយបើមិនដូច្នេះទេត្រូវប្រឈមនឹងបញ្ហាផ្សេងៗជាមិនខាន។(មានត)