មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា ចាប់តាំងពី លោក ថាវ យ៉េន ត្រូវ បាន តែងតាំងជាមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តរតនគិរី រួចមកគឺបទលើ្មសព្រៃឈើ ក្នុងខេត្តរតនគិរី មិនទា ន់មានការ ថយចុះនោះទេ។ ផ្ទុយទៅវិញឈ្មួញជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី ដូចជាឈ្មួញឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំជាដើម នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនដដែល។ ជាងនេះទៅទៀតតាមច្រករបៀងច្រើនកន្លែងក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស នៅតែត្រូវបានក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពឡើយ។
សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី បានទទួលស្គាល់ថា ចាប់តាំងពីលោក ថាវ យ៉េន ឡើងកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទបង្ក្រាបបទល្មើសព្រៃឈើជាច្រើនករណីតាមបណ្ដាស្រុកមួយចំនួន ជាពិសេសនៅស្រុកអូរយ៉ាដាវ តែម្តង។ ក៏ប៉ុន្តែជាក់ស្ដែងការបង្ក្រាបនោះគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នៅតែអាចគេចផុតពីសំណាញ់ច្បាប់ ហើយបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដដែល។ ប្រភពខ្លះបានលើកឡើងថា សមត្ថកិច្ចអាវុធហត្ថខេត្តរតនគិរី ក្រោមបញ្ជារបស់លោក ថាវ យ៉េន បង្ក្រាបបានតែឈ្មួញតូចតាចដែលមិនបង់លុយតាមការកំណត់ប៉ុណ្ណោះ ចំណែកឈ្មួញធំៗដែលមានខ្នងបង្អែករឹងមាំនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងក្នុងស្រុកអូរយ៉ាដាវ ដោយគ្មានញញើតអ្វីឡើយ។
ថ្មីៗនេះមេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៦២៣ និងមេប៉ុស្ដិ៍នគរបាលច្រករបៀងភូមិឡុំ ស្រុកអូរយ៉ាដាវ បានឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយមិនទាន់ឃើញលោក ថាវ យ៉េន ចាត់វិធានការទប់ស្កាត់នៅឡើយទេ។ ហេតុនេះហើយទើបសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលរិះគន់ថា ក្រោយពេលលោក ថាវ យ៉េន ទទួលបានតំណែងជាមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី គឺបទល្មើសព្រៃឈើមិនទាន់មានការថយចុះគួរឲ្យកត់សម្គាល់ទាល់តែសោះ ហើយការបង្ក្រាបរបស់សមត្ថកិច្ចអាវុធហត្ថខេត្តរតនគិរី ហាក់ដូចជារើសមុខឈ្មួញទៀតផង។ ជាក់ស្ដែងបច្ចុប្បន្នឈ្មួញឈ្មោះ ណាប់ វណ្ណៈនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន ហើយឈ្មួញមួយចំនួនទៀតកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងភូមិឡុំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ព្រោះមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័ន។បឋម