ប្រភពពីឈ្មួញមួយចំនួនដែលនាំចូលទំនិញតាមច្រកទំនប់រលក បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ណុប សំអាត ប្រធានការិយាល័យគយច្រកទំនប់រលក ប្រព្រឹត្តអំពើពុករលួយគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ ហើយបែរជាឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់និងប្រេងសាំងគេចពន្ធយ៉ាងគំហុក។ បើតាមការបង្ហើបពីមន្ត្រីគយក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ការដែលលោក ណុប សំអាត ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាមានការសម្របសម្រួលពីសំណាក់មន្ត្រីគយធំៗនៅខេត្តព្រះសីហនុ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាត និងបក្ខពួកផងដែរដើម្បីកុំឲ្យលោក ណុប សំអាត ប្រើអំណាចនិងតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លា។
ចាប់តាំងពីដើមខែមករា រហូតដល់ចុងខែមិថុនា ឆ្នាំ២០១៩នេះ រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ណុប សំអាត ប្រធានការិយាល័យគយច្រកទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ជាពិសេសទាក់ទងទៅនឹងករណីឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់និងប្រេងសាំងគេចពន្ធយ៉ាងពេញបន្ទុក។ ក៏ប៉ុន្តែមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ណុប សំអាត មេគយច្រកទំនប់រលក។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនចាត់វិធានការស៊ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយដ៏ល្បីល្បាញរបស់លោក ណុប សំអាត ប្រធានការិយាល័យគយច្រកទំនប់រលក ដែលអាងមានខ្នងបង្អែករឹងមាំនៅឡើយទេ។
ប្រភពពីមន្ត្រីគយនៅក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ណុប សំអាត ប្រធានការិយាល័យគយច្រកទំនប់រលក បានឃុបឃិតបើកដៃឲ្យឈ្មួញឈ្មោះ ចិត្រ និងឈ្មួញធំៗច្រើននាក់ទៀតនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំងគេចពន្ធចូលតាមច្រកទំនប់រលកកាន់តែច្រើនជាងមុនទៅទៀត។ ក្នុងនោះឈ្មួញជាឧកញ៉ាម្នាក់សម្រុកនាំចូលប្រេងសាំងគេចពន្ធ និងទំនិញគេចពន្ធ តាមច្រកទំនប់រលក យ៉ាងរលូនព្រោះអាងមានខ្នងបង្អែករឹងមាំនិងមានការឃុបឃិតបើកដៃពីសំណាក់លោក ណុប សំអាត ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ណុប សំអាត ដើម្បីកុំឲ្យមន្ត្រីគយរូបនេះធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនបន្តទៀត។បឋម