ប្រភពដែលស្និទ្ធនឹងមេគយច្រកជប់គគីរ បានឲ្យដឹងថា ការដែលប្រធានការិយាល័យគយច្រកជប់គគីរ ហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក គឺមានការឃុបឃិតពីសំណាក់លោក ឈុន សុភមង្គល តែម្តង។ ជាងនេះទៅទៀតលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ បានឃុបឃិតជាមួយមន្ត្រីគយចល័តក្នុងខេត្តនេះ ដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលដោយគ្មានញញើតអ្វីឡើយ។ ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល បានបញ្ជាក់ថា បច្ចុប្បន្នលោក ឈុន សុភមង្គល តែងតែប្រើប្រាស់ឈ្មោះមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនហើយគាបសង្កត់យ៉ាងខ្លាំងទៅលើមន្ត្រីក្រោមឱវាទ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗមួយចំនួននៅតែបន្តនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក គួន សុភាព ដែលជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់។ បើតាមប្រភពដែលស្និទ្ធនឹងលោក គួន សុភាព មេគយច្រកអូរស្មាច់ បានបង្ហើបឲ្យដឹងថា ការដែលលោក គួន សុភាព ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។មន្រ្តីគយក្នុងខេត្តឧត្ដរមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ឈុន សុភមង្គល កំពុងយកមេរៀននៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង មកអនុវត្តន៍នៅក្នុងខេត្តឧត្ដរមានជ័យ ដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាចមានខ្នងបង្អែកយ៉ាងរឹងមាំ។
ចំណែកប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលពីប្រទេសសៀម តាមច្រកនេះគឺបង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយមន្ត្រីគយពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា ការដែលប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិជាំ ហ៊ានធ្វើអ្វី តាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ កំពុងឃុបឃិតឲ្យមេគយច្រកអូរស្មាច់ និងច្រកជាំ ធ្វើអ្វីៗតាមអំពើចិត្ត។
ដោយឡែកមន្ត្រីនៅច្រកជប់គគីរ ស្រុកបន្ទាយអំពឹល ខេត្តឧត្ដរមានជ័យ ក៏បានឲ្យដឹងដែរថា ចាប់តាំងពីលោក ឈុន សុភមង្គល ទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ រួចមកគឺឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ តាមច្រកជប់គគីរ កាន់តែច្រើនឡើងៗ។បឋម