ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកសៀម យ៉ាងគគ្រឹកគគ្រេង។ ជាងនេះទៅទៀតលោក កែវ សារ៉ាត់ បានសហការជាមួយលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញនាំចេញធ្យូង ព្រមទាំងផលនិងអនុផលព្រៃឈើទៅស្រុកសៀម យ៉ាងពេញបន្ទុក។ បើគ្មានការបើដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ទេនោះគឺលោក កែវ សារ៉ាត់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះឡើយ។
ប្រភពពីមន្រ្តីគយនៅខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានយកជំនាញខាងពុករលួយកាលនៅធ្វើជាមេគយខេត្តបាត់ដំបង មកអនុវត្តន៍ក្នុងខេត្តឧត្តរមានជ័យ យ៉ាងសុខស្រួល។ ជាក់ស្តែងករណីមេៗគយតាមច្រកព្រំដែនខ្មែរ-សៀម ក្នុងខេត្តឧត្តរមានជ័យ ហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកគឺមានការបើកដៃពីលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ផងដែរ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយពេញទំហឹង។
ចំណែកប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏បានឲ្យដឹងដែរថា លោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរាលដាលដដែល។ សូម្បីតែជ្រូករស់ មាន់ទារស់ ក៏លោក វ៉ាន់ ក្តេ សម្រួលឲ្យឈ្មួញនាំចូលតាមច្រកអូរស្មាច់ យ៉ាងពេញបន្ទុកដែរព្រោះអាងមានលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ជាបង្អែកដ៏រឹងមាំ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេព្រោះលោក គុណ ញឹម អគ្គនាយកគយកំពុងបណ្តោយឲ្យលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងមេៗគយតាមច្រកព្រំដែនក្នុងឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាលើសមុន។មានត