ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត កំពង់ធំ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែមីនា កន្លងទៅថ្មីៗនេះ មានរថ យន្ត កូរ៉េមួយគ្រឿងពណ៌ស ពាក់ស្លាកលេខកំពង់ធំ 3A-2268 បានដឹកសត្វមាន់ពីស្រុកជីក្រែង ខេត្តសៀមរាប បម្រុងយកទៅទម្លាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា រថយន្តដឹកសត្វមាន់នោះត្រូវបានមន្ត្រីពេទ្យសត្វខេត្តកំពង់ធំ ឃាត់ទុកហើយបញ្ជូនទៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ ប្រមាណ១ម៉ោងក៏ដោះលែងវិញដោយពុំមានការផាកពិន័យអ្វីឡើយ។ មានការសង្ស័យថាមន្ត្រីពេទ្យសត្វខេត្តកំពង់ធំ ក្រោមការគ្រប់គ្រងរបស់លោក ចាន់ បញ្ញាវ័ន្ត ទទួលបានផលប្រយោជន៍ពីម្ចាស់រថយន្តដឹកមាន់ទើបដោះលែងទៅវិញស្រួលៗដោយពុំមានការពិនិត្យសុខភាពសត្វនិងគ្មានសំបុត្របញ្ជាក់ពីសុខភាពសត្វ។
ប្រភពដែលស្និទ្ធនឹងលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា លោក ធីវ វណ្ណធីរ ជាអ្នកឃុបឃិតឲ្យលោក ចាន់ បញ្ញាវ័ន្ត មេពេទ្យសត្វខេត្តកំពង់ធំ ធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ។ ជាក់ស្ដែងក្រុមឈ្មួញអាចដឹកជ្រូក ដឹកមាន់ ឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងរំភើយដោយគ្មានមន្ត្រីពេទ្យសត្វពិនិត្យសុខភាពសត្វមាន់ សត្វជ្រូក ឲ្យបានត្រឹមត្រូវឡើយគឺគេពិនិត្យតែលើរបស់ក្រុមឈ្មួញគឺជាការស្រេច។ ដូច្នេះថ្នាក់ដឹកនាំក្រសួងកសិកម្ម ក៏ដូចជានាយកដ្ឋានពាក់ព័ន្ធនៅក្នុងក្រសួងកសិកម្ម គួរពិនិត្យឡើងវិញខ្លះផងចំពោះភាពអសកម្មនិងអំពើពុករលួយរបស់លោក ចាន់ បញ្ញាវ័ន្ត មេពេទ្យសត្វខេត្តកំពង់ធំ ព្រមទាំងបក្ខពួក។ ដោយហេតុថាលោក ចាន់ បញ្ញាវ័ន្ត មេពេទ្យសត្វខេត្តកំពង់ធំ និងបក្ខពួកតែងតែបណ្ដោយឲ្យឈ្មួញដឹកជញ្ជូនជ្រូកនិងមាន់ឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងរលូនហើយឈ្មួញមួយចំនួនដឹកជញ្ជូនជ្រូកចូលមកចែកចាយតាមទីសត្តឃាតជាច្រើនកន្លែងក្នុងខេត្តកំពង់ធំ ដោយសារពួកគេបង់លុយតាមការកំណត់របស់លោក ចាន់ បញ្ញាវ័ន្ត ជាប្រចាំ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ធំ មិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមតួនាទីរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញលោក ចាន់ បញ្ញាវ័ន្ត ដែលជាមេពេទ្យសត្វខេត្តកំពង់ធំ បានឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនសត្វមាន់ សត្វជ្រូក ឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងរលូនដោយគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។ ជាមួយគ្នានេះលោក ចាន់ បញ្ញាវ័ន្ត ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកមកលក់ចែកចាយតាមទីសត្តឃាតក្នុងខេត្តកំពង់ធំ យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ បើតាមមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ការដែលលោក ចាន់ បញ្ញាវ័ន្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងសុខស្រួល។បឋម