មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា មកដល់ពេលនេះឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ បង្កើនសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួន យ៉ាងរាលដាលតាមច្រកទ្វារ អន្តរជាតិអូរ យ៉ា ដាវ ស្រុកអូរយ៉ាដាវ និងតាម ច្រកព្រំដែនឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ចំណែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី ត្រូវបានគេដឹងថាជាអ្នកឃុបឃិតសម្របសម្រួលឲ្យឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ ដឹកជញ្ជូនឈើចេញទៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ជាងនេះទៅទៀតមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដែលចុះបំពេញបេសកកម្មក្នុងខេត្តរតនគិរី ក៏មិនហ៊ានប៉ះពាល់ឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ ដែលល្បីល្បាញខាងបំផ្លាញព្រៃឈើឲ្យរលត់រលាយនោះដែរ។ ដូច្នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើលបញ្ហាខាងលើនេះផង ព្រោះទាំងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម កំពុងសម្ងំស្ងាត់ឈឹងធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រភពពីមន្ត្រីអាវុធហត្ថនៅក្នុងបញ្ជាការដ្ឋានអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា ការដែលមន្ត្រីអាវុធហត្ថខេត្តរតនគិរី ឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើន គឺដោយសារអាងមានខ្នងបង្អែករឹងមាំចាំការពារពីក្រោយខ្នង។ ប្រភពបានឲ្យដឹងទៀតថា ខ្នងបង្អែករឹងមាំរបស់ឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ គឺលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដូច្នេះថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេស មិនគួរមើលរំលងបញ្ហានេះតទៅទៀតទេ។ ដោយហេតុថា ការដែលឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ ក្លាយទៅជាក្រុមឈ្មួញល្បីល្បាញរឿងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រកព្រំដែនក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័នអាវុធហត្ថលើផ្ទៃប្រទេសទាំងមូល។
ប្រភពពីមន្ត្រីនៃច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថា ក្នុងចំណោមឈ្មួញសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង គឺឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ ធ្វើសកម្មភាពខ្លាំងក្លាជាងគេ។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានសិទ្ធិអំណាចធំជាងគេក្នុងការសម្របសម្រួលឲ្យឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថាឈ្មោះ ហូវ ជីវ៉ៃ និងឈ្មោះ ណាប់ វណ្ណៈ តែងតែប្រើប្រាស់ឈ្មោះលោកឧត្តមសេនីយ៍ត្រី គឹម រស្មី ដើម្បីការពារសកម្មភាពរបស់ពួកគេក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនតែម្តង។បឋម