ប្រភពដែលស្និទ្ធនឹងលោក គឹម ឈុនលី បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញឈើ មួយចំនួនបាន ដឹកជញ្ជូនឈើឆ្លង កាត់ស្រុកតំបែរ យ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោ ក មិញ ចាន់ណា នាយសង្កាត់ រដ្ឋបាលព្រៃឈើតំបែរ ដែលគិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក មិញ ចាន់ណា នាយសង្កាត់រដ្ឋបាលព្រៃឈើតំបែរ ហ៊ានធ្វើអ្វី តាមអំពើចិត្តរបស់ខ្លួន គឺដោយសារមានការឃុបឃិតឃិតបើកដៃពីសំណាក់លោក គឹម ឈុនលី ដែលជាចៅហ្វាយនាយរបស់ខ្លួន។ មន្ត្រីរាជការក្នុងខេត្តត្បូងឃ្មុំ បានកត់សម្គាល់ថាចាប់តាំងពីលោក គឹម ឈុនលី ទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ រួចមកគឺសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ មានការកើនឡើងខ្លាំងជាងមុនទៅទៀត។ ទន្ទឹមនឹងនេះរឿងអាស្រូវរបស់លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ត្រូវបានបើកកកាយជាបន្តបន្ទាប់ ក៏ប៉ុន្តែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅតែបណ្ដោយឲ្យលោក គឹម ឈុនលី ធ្វើអ្វីៗតាមអំពើចិត្តដដែល។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ និងស្រុកពញាក្រែក យ៉ាងគគ្រឹកគគ្រេងដោយសារអាងមានលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើជាខ្នងបង្អែកយ៉ាងរឹងមាំ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក គឹម ឈុនលី និងបក្ខពួកទេនោះ គឺគ្មានឈ្មួញណាអាចបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ក៏ដូចជាដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះទេ។ តាមរយៈការឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមអំពើចិត្ត គឺលោក គឹម ឈុនលី គិតតែប្រមូលលុយបានយ៉ាងច្រើនក្នុងមួយខែៗយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងក្រសួងកសិកម្ម។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិក្មខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ រួចមកគឺលោក គឹម ឈុនលី មិនសូវគិតគូររឿងបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នោះទេ ហើយបែរជាចាត់ទុកក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ គឺជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។ ជាងនេះទៅទៀតលោក គឹម ឈុនលី តែងតែប្រើប្រាស់ឈ្មោះមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងកសិកម្ម ជាពិសេសប្រើប្រាស់ឈ្មោះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនដោយគ្មានខ្លាចក្រែងអ្វីឡើយ។ ដូច្នេះហើយទើបក្រុមឈ្មួញនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ និងស្រុកពញាក្រែក យ៉ាងគឃ្លើនហើយឈ្មួញខ្លះដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង យ៉ាងរលូន។បឋម