បើតាមប្រភពពីសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នលោក កោ សុខេង មេប៉ុស្ដិ៍ នគរបាលច្រករបៀងអូរអន្លក់ កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើ ពុករលួយ ហើយអួតអាងថា ខ្លួនជាខ្សែរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ទៀតផង។ ប្រភពដែលស្និទ្ធនឹងលោក កោ សុខេង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក កោ សុខេង ប្រមូលលុយមួយខែៗបានរាប់សិបលានរៀលយកទៅលេងល្បែងក្នុងកាស៊ីណូអត់យីហោនៅឡែម ជាប់ច្រកទ្វារអន្តរជាតិដូង ចាញ់ច្រើន?។ ប្រភពបានឲ្យដឹងទៀតថាលោក កោ សុខេង បានយកសាច់ញាតិរបស់ខ្លួនដែលមិនមែនជាមន្ត្រីនគរបាលឲ្យមកធ្វើការក្នុងស្នាក់ការប៉ុស្ដិ៍ច្រករបៀងអូរអន្លក់ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រករបៀងអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក កោ សុខេង នាយប៉ុស្ដិ៍នគរបាលច្រកនេះកំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លុយដែលលោក កោ សុខេង ប្រមូលបានភាគច្រើនប្រហែលយកទៅលេងល្បែងស៊ីសងក្នុងកាស៊ីណូនៅឡែមជាប់ច្រកទ្វារអន្តរជាតិដូង ទើបមន្ត្រីនគរបាលរូបនេះកាន់តែបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមយ៉ាងពេញបន្ទុក។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងបញ្ហានេះទេ ព្រោះបច្ចុប្បន្នលោក កោ សុខេង កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
ប្រភពមន្ត្រីនគរបាលនៅប៉ុស្ដិ៍ច្រករបៀងអូអន្លក់មួយចំនួនបានឲ្យដឹងថា សព្វថ្ងៃនេះលោក កោ សុខេង កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដោយសារអាងខ្លួនមានខ្នងបង្អែកយ៉ាងរឹងមាំចាំជួយការពារគ្រប់ពេលវេលា។ ជាពិសេសលោក កោ សុខេង បានបណ្ដោយឲ្យសាច់ញាតិរបស់ខ្លួនបង្កបញ្ហាផ្សេងៗនៅក្នុងប៉ុស្ដិ៍នគរបាលច្រករបៀងអូរអន្លក់ ស្រេចតែអំពើចិត្តធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ព្រមទាំងក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់លោក កោ សុខេង ជាបន្ទាន់។ បើមិនដូច្នេះទេលោក កោ សុខេង អាងមានខ្នងបង្អែករឹងមាំ ប្រើតួនាទីនិងអំណាចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនជាមិនខាន ព្រោះសព្វថ្ងៃនេះលោក កោ សុខេង កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយ។បឋម