ប្រភពដែលស្និទ្ធនឹងលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានឲ្យដឹងថា ខ្នងបង្អែកដ៏រឹងមាំរបស់លោក កើត ដារ៉ាស៊ី គឺនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដូច្នេះហើយទើបលោក គៀត ច័ន្ទថារិទ្ធ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះសកម្មភាពនៃទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក កើត ដារ៉ាស៊ី នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដែលត្រូវក្រុមហ៊ុននិងក្រុមឈ្មួញមួយចំនួនលាតត្រដាងជាបន្តបន្ទាប់។ ករណីលោក កើត ដារ៉ាស៊ី ប្រើអំណាចគាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងក្រុមហ៊ុននាំចូលទំនិញពីប្រទេសចិននិងប្រទេសយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ គឺជារឿងមិនអាចបិទបាំងបានទេ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក កើត ដារ៉ាស៊ី បើទោះបីមន្ត្រីនគរបាលរូបនេះមានខ្នងបង្អែករឹងមាំយ៉ាងណាក៏ដោយ។
បើទោះបីមួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រការនេះហើយទើបលោក កើត ដារ៉ាស៊ី កាន់តែបានចិត្តក្នុងការប្រើប្រាស់តួនាទីនិងអំណាចរបស់ខ្លួនក្នុងការប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីឡើយ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាំជួយការពារ។ មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលី ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈកន្លងទៅនេះលោក កើត ដារ៉ាស៊ី ឃុបឃិតឲ្យឈ្មួញមួយចំនួននាំចេញទំនិញគេចពន្ធ ក៏ដូចជាឈើនិងធ្យូងចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាលោក កើត ដារ៉ាស៊ី មានសិទ្ធិអំណាចធំធេងជាងគេក្នុងការបើកបារ៉ាស់ច្រកព្រំដែនឲ្យឈ្មួញនាំចេញទំនិញគេចពន្ធ ក៏ដូចជានាំចេញឈើនិងធ្យូងយ៉ាងពេញបន្ទុកមួយរយៈកន្លងទៅនេះ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែទេនោះ គឺឈ្មួញធំៗដូចជា ឧកញ៉ា សឹង សំអុល ឧកញ៉ា តុប វីដា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅជ័យ និងឈ្មួញដទៃទៀតមិនអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ បានឡើយ។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានគេដឹងថាជាអ្នកបណ្ដោយឲ្យលោក កើត ដារ៉ាស៊ី ធ្វើអ្វីៗតាមអំពើចិត្ត។(មានត)