ប្រភពពីមន្ត្រីអាវុធហត្ថក្នុង ខេត្តព្រះវិហារ បានលើកឡើងទៀតថា ជាញឹកញាប់លោក កង សៅគុណ បានគំរាម កំហែង មេបញ្ជាការរងរបស់ខ្លួនរហូតដល់ យុទ្ធជនដោយប្រមាថចាប់ដាក់ គុកឬកាត់ឈ្មោះចោលជា ដើម ។ទន្ទឹមនឹងនេះកន្លងមកលោក កង សៅគុណ ចាប់រថយន្តដឹកឈើនៅស្រុកជ័យសែន ជំរិតទារលុយចំនួន៦លានរៀលកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីជាថ្នូរនឹងការដោះលែងវិញ។ ជាងនេះទៅទៀតសម្រាប់រថយន្តដឹកឈើខុសច្បាប់ចេញពីដេប៉ូនៅក្នុងខេត្តព្រះវិហារ ត្រូវបានលោក កង សៅគុណ គាបយកលុយក្នុងមួយគ្រឿងចំនួន៥០០ដុល្លារ?ទៀតផង ហើយរថយន្តយីឌុបដឹកឈើឆ្លងកាត់ខេត្តត្រូវបង់មួយរថយន្ត១៥០ដុល្លារទៀតផង?។
ដោយសារអត់ធ្មត់នឹងទង្វើរបស់លោក កង សៅគុណ តទៅទៀតលែងបានទើបមន្ត្រីអាវុធហត្ថខេត្តព្រះវិហារ មួយចំនួនលាតត្រដាងរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក កង សៅគុណ ជាសាធារណៈតែម្តង។ ទង្វើដែលគួរឲ្យកត់សម្គាល់នោះគឺលោក កង សៅគុណ បានចាត់តាំងឲ្យប្អូនប្រុសរបស់ខ្លួនឈ្មោះ កង ពុទ្ធា ជាអ្នកចាំយកលុយពីរថយន្តដឹកឈើនៅចំណុចស្នាក់ការសន្តិសុខជាប់ព្រំប្រទល់រវាងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ហើយបក្ខពួករបស់លោក កង សៅគុណ ម្នាក់ទៀតឈ្មោះ ចាន់ សី ជាអ្នកចាំយកលុយពីឈ្មួញដឹកឈើពីចំណុចស្នាក់ការសន្តិសុខតំបន់ព្រំប្រទល់រវាងខេត្តព្រះវិហារ និងខេត្តសៀមរាប។ ឥឡូវនេះរឿងអាស្រូវរបស់លោក កង សៅគុណ ត្រូវបានថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹងឮរួចទៅហើយ ដូច្នេះសង្ឃឹមថាលោក កង សៅគុណ មិនអាចប្រើអំណាចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀតឡើយ។
ប្រភពពីមន្ត្រីអាវុធហត្ថក្នុងខេត្តព្រះវិហារ មួយចំនួនបានឲ្យដឹងថា ឥឡូវនេះរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹងឮដល់ថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេសហើយ។ មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ បានអំពាវនាវឲ្យថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេសចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់កុំឲ្យលោក កង សៅគុណ ប្រើអំណាចគាបសង្កត់ធ្វើបាបកូនចៅក្រោមឱវាទស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀត។ ក្នុងនោះករណីលោក កង សៅគុណ ស៊ីដាច់លុយដែលថ្នាក់លើឧបត្ថម្ភដល់អង្គភាព(ខ26-2) ចំនួន៨០លានរៀលកាលពីមុនពេលបោះឆ្នោតគឺជារឿងដែលមិនអាចបិទបាំងបានទេ ហើយលោក កង សៅគុណ ត្រូវយកលុយទាំងនោះមកចែកចាយដល់មន្ត្រីអាវុធហត្ថក្នុងខេត្តព្រះវិហារ ឲ្យបានឆាប់បំផុត។
បើតាមការអះអាងរបស់មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ បានលើកឡើងទៀតថា ក្រៅពីពាក់ព័ន្ធរឿងរ៉ាវស៊ីដាច់លុយ៨០លានរៀលគឺលោក កង សៅគុណ មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ មានជាប់ពាក់ព័ន្ធទៅនឹងទង្វើមិនប្រក្រតីជាច្រើន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាត់វិធានការតាមច្បាប់ទៅលើលោក កង សៅគុណ ជាបន្ទាន់ដើម្បីព្រមានដល់មន្ត្រីអាវុធហត្ថតាមបណ្ដាខេត្តដទៃទៀតផងដែរ។ រឿងអាស្រូវរបស់លោក កង សៅគុណ មានដូចជាយកដីអង្គភាពមួយផ្នែកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដូចជា ដីនៅស្នាក់ការស្រយ៉ង់ និងដីស្នាក់ការនៅកំពង់ស្រឡៅជាដើម។ ជាងនេះទៅទៀតលោក កង សៅគុណ បានតម្រូវឲ្យមេបញ្ជាការមូលដ្ឋានអាវុធហត្ថតាមបណ្ដាក្រុង-ស្រុកនានាកាត់ប្រាក់ខែក្នុងមួយខែ៥០ម៉ឺនរៀលដើម្បីធ្វើអគារថ្មនៅតាមបណ្ដាក្រុង-ស្រុក ហើយអួតអាងថាខ្លួនជាអ្នកកសាងទៅវិញុ?។(មានតភាគ)