ប្រជាពលរដ្ឋក្នុងឃុំដារ ស្រុកមេមត់ បានកត់សម្គាល់ថា ចាប់តាំងពីឈ្មោះ ហេង និងឈ្មោះ លឹម បើកសង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅចំណុចច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ គឺបទល្មើសផ្សេងៗជាពិសេសអំពើចោរកម្មកើតឡើងគួរឲ្យភ័យខ្លាច ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ មិនបង្ក្រាបល្បែងស៊ីសងទាល់តែសោះ។ ប្រភពខ្លះបានលើកឡើងថា សង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅច្រកដូង៧ដើម ឃុំដារ ជាប្រភពចំណូលរបស់មន្ត្រីធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះមានទាំងមន្ត្រីក្នុងជួរគណៈអភិបាលខេត្ត ក៏ដូចជាមន្ត្រីនគរបាលនិងមន្ត្រីអាវុធហត្ថផងដែរ។ ដូច្នេះមានតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបអាចចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅចំណុចច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ ប្រកបដោយប្រសិទ្ធភាព។
ប្រភពពីប្រជាពលរដ្ឋនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នសង្វៀនបញ្ជល់មាន់និងល្បែងយូគីអាប៉ោងនៅចំណុចច្រកដូង៧ដើម កំពុងដំណើរការយ៉ាងរលូនដោយគ្មានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋក្នុងឃុំដារ បានបញ្ជាក់ថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់អធិការនគរបាលស្រុកមេមត់ និងអភិបាលស្រុកមេមត់ ទេនោះគឺគ្មាននរណាអាចបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយូគីនៅចំណុចច្រកដូង៧ដើម យ៉ាងរាលដាលដូចសព្វថ្ងៃនេះទេ។ ចំណែកលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជៀម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងស៊ីសងនៅចំណុចដូង៧ដើម ឃុំដារ ស្រុកមេមត់ ដំណើរការយ៉ាងរលូនធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម។
បើតាមប្រភពពីអ្នកធ្លាប់ចូលទៅក្នុងទីតាំងសង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅចំណុចច្រកដូង៧ដើម បានឲ្យដឹងថា អ្នកបើកល្បែងស៊ីសងមានឈ្មោះ ហេង និងឈ្មោះ លឹម ហើយបុគ្គល២នាក់នេះមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំដារ និងស្រុកមេមត់ មិនហ៊ានប៉ះពាល់អ្នកបើកល្បែងស៊ីសងឈ្មោះ ហេង និងឈ្មោះ លឹម នោះទេហើយសម្ងំទទួលផលប្រយោជន៍ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅចំណុចច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាបន្ទាន់ដើម្បីឲ្យស្របតាមគោលយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។ ដោយហេតុថា លោក ជៀម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។(មានត)