ប្រភពពីក្រុមឈ្មួញដែលនាំចូលទំនិញ ពីស្រុកយួន និងពីស្រុកសៀម យកមកលក់តាមទីផ្សារ ក្នុងរាជធានី ភ្នំពេញ បាន ឲ្យដឹងថា បច្ចុប្បន្នពួកគេកំពុង ប្រឈមនឹងការលំបាកកាន់តែខ្លាំង ដោយសារអំពើពុករលួយ របស់លោក ពិត ប ញ្ញា និងបក្ខពួក។ ប្រភពបានឲ្យដឹងថា ទោះបីពួកគេ នាំចូលទំនិញបង់ពន្ធត្រឹមត្រូវ នៅច្រកព្រំដែនរួច ហើយក៏ដោយ ក៏ ចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីរបស់លោក ពិត បញ្ញា សម្រាប់រថយន្តមួយគ្រឿងពី១០០ដុល្លារដល់៣០០ដុល្លារ។ នៅគ្រប់ច្រកផ្លូវចូលរាជធានីភ្នំពេញ គឺក្រុមមន្ត្រីនគរបាលរបស់លោក ពិត បញ្ញា ធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញចំពោះបញ្ហាខាងលើនេះផង។
ក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញចូលមករាជធានីភ្នំពេញ បានអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកផែនសេដ្ឋកិច្ចជាបន្ទាន់។ ដោយហេតុថា មួយរយៈចុងក្រោយនេះលោក ពិត បញ្ញា បានដាក់ពង្រាយកូនចៅគ្រប់ច្រកផ្លូវចូលរាជធានីភ្នំពេញ ដើម្បីរាប់ក្បាលរថយន្តដឹកទំនិញយកលុយតាមរបៀបពុករលួយដោយគ្មានខ្លាចក្រែងអ្វីឡើយ។ ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា ទោះបីពួកគេនាំចូលទំនិញស្របច្បាប់ឬទំនិញមិនស្របច្បាប់យ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីមន្ត្រីក្រោមឱវាទរបស់លោក ពិត បញ្ញា រាប់ក្បាលរថយន្តយកលុយឬកំណត់ឲ្យបង់លុយប្រចាំខែនោះទេ។
បើតាមប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មួយចំនួនបានបង្ហើបឲ្យដឹងថា រយៈពេលប្រមាណ១ខែកន្លងទៅនេះលោក ពិត បញ្ញា ស្នងការរងទទួលផែនសេដ្ឋកិច្ចបានដាក់ពង្រាយកូនចៅឲ្យធ្វើសកម្មភាពប្រមូលលុយតាមរបៀបពុករលួយ។ ប្រភពបានឲ្យដឹងទៀតថា កម្លាំងក្រោមឱវាទរបស់លោក ពិត បញ្ញា ត្រូវបានបែងចែកជាក្រុមៗដើម្បីប្រមូលលុយពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញចូលរាជធានីភ្នំពេញ ហើយនៅតាមឃ្លាំងស្តុកទំនិញនិងទីតាំងស្តុកទំនិញក៏ក្រុមមនុស្សរបស់លោក ពិត បញ្ញា ដើរដាក់បទបញ្ជាឲ្យឈ្មួញបង់លុយប្រចាំខែផងដែរ។ ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ាមិនព្រមបង់លុយតាមការកំណត់ទេនោះ គឺត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន ដូច្នេះហើយទើបឈ្មួញនិងក្រុមអាជីវករមួយចំនួនលាតត្រដាងអំពើពុករលួយរបស់លោក ពិត បញ្ញា ជាសាធារណៈតែម្តង។
ប្រភពខ្លះបានបង្ហើបឲ្យដឹងថា រឿងអាស្រូវពុករលួយរបស់លោក ពិត បញ្ញា កំពុងជ្រួតជ្រាបដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួចទៅហើយក្នុងរយៈពេលប៉ុន្មានកន្លងទៅនេះ។ ប្រភពពីមន្ត្រីជាន់ខ្ពស់ក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា មិនយូរទេលោក ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកផែនសេដ្ឋកិច្ច ត្រូវរបូតពីតំណែងព្រោះទង្វើរបស់លោក ពិត បញ្ញា កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល។បឋម