មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា លោក ពាក្យ មនោ នាយសង្កាត់រដ្ឋបាលព្រៃឈើភ្នំក្រវាញ និងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី បន្តសកម្មភាពប្រមូលទិញឈើដឹកជញ្ជូនចេញពីទឹកដីខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុក។ មានការរិះគន់ថា ករណីមន្ត្រីរដ្ឋបាលព្រៃឈើ៤នាក់ចុះទៅក្រវែលផ្ទះឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ តាមបទបញ្ជារបស់មេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ គ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ។ ដោយសារថាឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី មានលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ជាបង្អែករឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន ហើយប្រសិនបើគ្មានខ្នងបង្អែករឹងមាំទេនោះ គឺឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី មិនអាចមានឥទ្ធិពលប្រមូលទិញឈើដឹកចេញពីស្រុកភ្នំក្រវាញ យ៉ាងរាលដាលដូចសព្វថ្ងៃនេះទេ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី នៅតែមានឥទ្ធិពលអំណាចខ្លាំងក្លាក្នុងការប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីទឹកដីស្រុកភ្នំក្រវាញ យ៉ាងរលូន។ បើតាមប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានបង្ហើបឲ្យដឹងថា ការដែលឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី អាចឈរជើងប្រមូលទិញឈើនៅក្នុងស្រុកភ្នំក្រវាញ គឺដោយសារអាងមានលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ជាបង្អែកដ៏រឹងមាំរបស់ខ្លួន។ ដូច្នេះហើយទើបមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកភ្នំក្រវាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកភ្នំក្រវាញ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី នោះទេហើយសុខចិត្តសម្ងំទទួលផលប្រយោជន៍ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំលាច ស្រុកភ្នំក្រវាញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា កន្លងទៅថ្មីៗនេះមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកភ្នំក្រវាញ ចំនួន៤នាក់បានចុះទៅដល់ទីលំនៅរបស់ឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី ក្នុងភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ តាមបទបញ្ជារបស់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺមន្ត្រីរដ្ឋបាលព្រៃឈើទាំង៤នាក់គ្រាន់តែទៅអើតឡឺមក្បែរផ្ទះឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី មួយស្របក់ក៏វិលត្រឡប់ទៅវិញដោយអះអាងថាឈ្មួញរូបនេះមិននៅផ្ទះ ប៉ុន្តែការពិតគឺមន្ត្រីរដ្ឋបាលព្រៃឈើខ្លាចឥទ្ធិពលរបស់ឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី ដែលមានខ្នងបង្អែករឹងមាំ។ ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងឃុំលាច ស្រុកភ្នំក្រវាញ គ្មានជំនឿលើមន្ត្រីរដ្ឋបាលព្រៃឈើក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ ព្រោះឈ្មួញឈ្មោះ ចែភក្ដិ និងប្ដី តែងតែអាចគេចផុតពីសំណាញ់ច្បាប់ ។បឋម