ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ចែអូន បានឲ្យដឹងថា លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ គឺជាបង្អែករឹងមាំរបស់ឈ្មួញឈ្មោះ ចែអូន ជាយូរមកហើយទើបឈ្មួញម្នាក់នេះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ប្រសិនបើគ្មានប្រធានមន្ទីរកសិកម្មនិងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ជាបង្អែករឹងមាំទេនោះ គឺឈ្មួញឈ្មោះ ចែអូន មិនអាចប្រមូលទិញឈើដឹកចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ចូលមករាជធានីភ្នំពេញ ទាំងយប់ទាំងថ្ងៃយ៉ាងសុខស្រួលដូចសព្វថ្ងៃនេះឡើយ។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មោះ បូរ ជាមនុស្សជំនិតរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ជាបង្អែករឹងមាំរបស់ឈ្មួញឈ្មោះ ចែអូន ផងដែរដូច្នេះហើយទើបឈ្មួញឈ្មោះ ចែអូន អាចឈរជើងទិញឈើបកសម្បករួចផ្ដាច់មុខនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយដឹកជញ្ជូនចូលរាជធានីភ្នំពេញ ដល់គោលដៅយ៉ាងរលូន។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកវាលវែង ឃុបឃិតឲ្យឈ្មួញឈ្មោះ ចែអូន ប្រមូលទិញឈើបកសម្បកផ្ដាច់មុខក្នុងស្រុកវាលវែង ហើយដឹកជញ្ជូនចេញយ៉ាងពេញបន្ទុកតែម្តងដើម្បីជាថ្នូរនឹងផលប្រយោជន៍។ សេចក្ដីរាយការណ៍ពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងពីសំណាក់មេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ទេនោះគឺក្រុមមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកវាលវែង មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងខេត្តពោធិ៍សាត់ នោះទេ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថាឈ្មួញឈ្មោះ ចែអូន បានឈរជើងចាំប្រមូលទិញឈើបកសម្បករួចនៅចំណុចតាំងយ៉ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថាន។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ ចែអូន ឈរជើងកាងចាំទិញឈើបកសម្បករួចនៅចំណុចតាំងយ៉ ភូមិស្ទឹងថ្មី ជាយូរមកហើយមិនដែលមានឈ្មួញណាហ៊ានចូលទៅប្រជែងជាមួយឈ្មួញម្នាក់នេះទេ ព្រោះឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំប្រមោយ ស្រុកវាលវែង ក៏បានឲ្យដឹងដែរថាកន្លងមកសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ និងសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសធ្លាប់បង្ក្រាបបទល្មើសព្រៃឈើជាច្រើនករណីនៅក្នុងស្រុកវាលវែង ប៉ុន្តែដោយឡែកឈ្មួញឈ្មោះ ចែអូន តែងគេចផុតពីការបង្ក្រាបយ៉ាងរលូន។(មានត)