ប្រភពពីមន្ត្រីរាជការនៅក្នុង មន្ទីរកសិកម្មខេត្តសៀមរាប បានឲ្យដឹងថាមេឈ្មួញ ធឹម លាងស្រេង គឺជាឈ្មួញប្រមូលទិញ ឈើពីខេត្តព្រះវិហារ យកមកលក់ចែកចាយតាមដេប៉ូក្នុងក្រុង សៀមរាប ច្រើនឆ្នាំមកហើយ ដោយគ្មានមន្ត្រីរដ្ឋ បាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តសៀមរាប ចាត់វិធានការទប់ស្កាត់នោះទេ។ ប្រភពបានឲ្យដឹងទៀត ថាមេឈ្មួញ ធឹម លាងស្រេង ប្រមូលទិញឈើនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ គឺឈើដែលប្រជាពលរដ្ឋនិងក្រុមជនល្មើសកាប់ដឹកចេញពីព្រៃព្រះរកា យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចាត់ទុកមេឈ្មួញ ធឹម លាងស្រេង ជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ហើយបណ្ដោយឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប កំពុងរក្សាភាពស្ងៀមស្ងាត់ចាំទទួលផលប្រយោជន៍ពីលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងមេឈ្មួញ ធឹម លាងស្រេង ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ ធឹម លាងស្រេង កំពុងបន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលមកចែកចាយតាមដេប៉ូច្រើនកន្លែងក្នុងក្រុងសៀមរាប ស្ទើររាល់យប់ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ប្រភពខ្លះបានឲ្យដឹងថា ការដែលមេឈ្មួញ ធឹម លាងស្រេង អាចបន្តសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងពេញបន្ទុក គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយផងដែរ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ទេនោះគឺមេឈ្មួញ ធឹម លាងស្រេង មិនអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលមកចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប យ៉ាងរលូនដូចសព្វថ្ងៃនេះឡើយ។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថា ជារៀងរាល់យប់ពួកគាត់តែងឃើញមេឈ្មួញ ធឹម លាងស្រេង ប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃ២គ្រឿងដឹកជញ្ជូនឈើពីខេត្តព្រះវិហារ មកស្តុកទុកក្នុងឃ្លាំងនៅស្រុកស្វាយលើ ជាប់ព្រំប្រទល់រវាងខេត្តព្រះវិហារ និងខេត្តសៀមរាប។ នៅពេលប្រមូលទិញស្តុកទុកបានច្រើនទើបមេឈ្មួញ ធឹម លាងស្រេង ធ្វើសកម្មភាពដឹកជញ្ជូនឈើទៅចែកចាយតាមដេប៉ូក្នុងក្រុងសៀមរាប យ៉ាងរលូនហើយឈ្មោះ នៅ ចាន់គាន និងឈ្មោះ ចេង ត្រូវជាបងថ្លៃរបស់មេឈ្មួញ ធឹម លាងស្រេង គឺជាអ្នកប្រមូលទិញឈើក្នុងខេត្តព្រះវិហារ។ ចំណែកនៅក្នុងក្រុងសៀមរាប មេឈ្មួញ ធឹម លាងស្រេង មានមេការម្នាក់ឈ្មោះ ពៅ គឺជាអ្នកមើលការខុសត្រូវទៅលើសកម្មភាពលក់ចែកចាយឈើតាមដេប៉ូជាច្រើនកន្លែងយ៉ាងរលូន។បឋម