ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើ នៅក្នុងឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹង ថា បើ ទោះ បីក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ សឹង សំអុល គ្មាននៅសល់ ឈើស ម្រាប់ កាប់ធ្វើអាជីវកម្មយ៉ាងណាក៏ដោយ ក៏ជាក់ស្ដែងឈ្មួញម្នាក់នេះ នៅតែមានឈើសម្រាប់ដឹក ចេញទៅ ស្រុកយួន យ៉ាងគគ្រឹកគគ្រេងដដែល។ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ អ្នកសារព័ត៌មាន និងមន្ត្រីអង្គការ ក្រៅ រដ្ឋាភិបាល បានឃើញរថយន្តធុនធំប្រភេទវ៉េអេងចំនួន២០គ្រឿងរបស់មេឈ្មួញ សឹង សំអុល បម្រុងដឹកឈើចេញពីឃុំសុខសាន្ត ស្រុកកោះញែក ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ផ្ទុយទៅវិញមេឈ្មួញ សឹង សំអុល មានអំណាចយ៉ាងធំធេងក្នុងការប្រើប្រាស់កម្លាំងសន្តិសុខរាប់សិបនាក់ដើម្បីការពារសកម្មភាពដឹកជញ្ជូនឈើរបស់ខ្លួនព្រោះអាងខ្លួនជាមន្ត្រីអាវុធហត្ថនិងជាឧកញ៉ាមានខ្នងបង្អែកយ៉ាងរឹងមាំ។
តាមប្រភពខ្លះបានឲ្យដឹងថា ការដែលមេឈ្មួញ សឹង សំអុល ហ៊ានបន្តសកម្មភាពដឹកជញ្ជូនឈើពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺដោយសារមានមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ជាបង្អែករឹងមាំ។ លើសនេះទៅទៀតមេឈ្មួញ សឹង សំអុល មានការជួយសម្របសម្រួលពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ព្រមទាំងលោក អ៊ុំ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ផងដែរទើបអាចបន្តសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងរលូន។ បើទោះបីមេឈ្មួញ សឹង សំអុល មានឈ្មោះក្នុងបញ្ជីខ្មៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយក៏ឈ្មួញម្នាក់នេះនៅតែអាចប្រើប្រាស់រថយន្តធុនធំរាប់សិបគ្រឿងដឹកជញ្ជូនឈើចេញទៅស្រុកយួន ហើយសូម្បីតែលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសមត្ថកិច្ចអាវុធហត្ថខេត្តមណ្ឌលគិរី ក៏មិនហ៊ានប៉ះពាល់មេឈ្មួញ សឹង សំអុល នោះដែរ។
ក្រោយពេលមេឈ្មួញ សឹង សំអុល កំពុងបង្កើនសកម្មភាពបំផ្លាញព្រៃឈើក្នុងខេត្តមណ្ឌលគិរី យ៉ាងមហន្តរាយគឺមានការសេចក្ដីអំពាវនាវឲ្យលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់សកម្មភាពរបស់មេឈ្មួញ សឹង សំអុល ខ្លះផង។ ដោយហេតុថា ចាប់តាំងពីក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦ រួចមកគឺមេឈ្មួញ សឹង សំអុល បន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។ ដូច្នេះលោក កែវ អូម៉ាលីស្ស ដែលទើបឡើងកាន់តំណែងជាប្រធានរដ្ឋបាលព្រៃឈើក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះគួរបញ្ចេញសមត្ថភាពបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី ជាបន្ទាន់ហើយមិនគួរបណ្ដោយឲ្យមេឈ្មួញ សឹង សំអុល និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះមេឈ្មួញ សឹង សំអុល និងបក្ខពួកបានប្រើប្រាស់រថយន្តប្រភេទវ៉េអងរាប់សិបគ្រឿងដឹកជញ្ជូនឈើចេញពីស្រុកកោះញែក យ៉ាងគគ្រឹកគគ្រេងព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការទប់ស្កាត់នោះទេ។ ទន្ទឹមនឹងនេះពេលអ្នកសារព័ត៌មានទៅថតផ្ដិតយករូបភាពរថយន្ដដឹកឈើរបស់មេឈ្មួញ សឹង សំអុល គឺបក្ខពួកបរិវាររបស់មេឈ្មួញម្នាក់នេះធ្វើការគំរាមកំហែងយ៉ាងកំរោល ព្រោះពួកគេអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។ ក្នុងនោះលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ត្រូវបានគេដឹងថាជាអ្នកសម្របសម្រួលឲ្យមេឈ្មួញ សឹង សំអុល និងបក្ខពួកដឹកជញ្ជូនឈើពីស្រុកកោះញែក ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន។(មានត)