សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកលើកដែក និងស្រុកស្អាង បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញមកពីស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ បានចុះវាស់វែងដីព្រៃលិចទឹកបឹងធម្មជាតិឲ្យទៅក្រុមហ៊ុនរបស់មេឈ្មួញ ភឺន ផល្លា ដែលជាឧត្តមសេនីយ៍យោធានិងមានងារជាឧកញ៉ា ល្បីល្បាញខាងទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនិងដីព្រៃលិចទឹកជាច្រើនកន្លែងក្នុងខេត្តព្រះសីហនុ និងខេត្តកណ្ដាល។ ក៏ប៉ុន្តែគម្រោងនៃការវាស់វែងដីបឹងធម្មជាតិក្នុងស្រុកកៀនស្វាយ ស្រុកលើកដែក និងស្រុកស្អាង ឲ្យទៅមេឈ្មួញ ភឺន ផល្លា ត្រូវខកខានដោយសារមានការរារាំងពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា។ ក្នុងការប្រឈមមុខដាក់គ្នានោះបានធ្វើឲ្យប្រជាពលរដ្ឋរងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រោះប្រជាពលរដ្ឋប្រមូលផ្ដុំគ្នារារាំងមិនឲ្យមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញចុះវាស់វែងដីបឹងធម្មជាតិ ដែលពួកគាត់ធ្លាប់ប្រកបអាជីវកម្មចិញ្ចឹមជីវិតនោះទេ។
តាមប្រភពដែលស្និទ្ធនឹងមេឈ្មួញ ភឺន ផល្លា បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបឈ្មួញរូបនេះហ៊ានសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ យ៉ាងគឃ្លើនដោយគ្មានញញើតអ្វីឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក និងស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា មេឈ្មួញ ភឺន ផល្លា ដែលពាក់ផ្កាយ២ មានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ៧០ ហើយមានងារជាឧកញ៉ាផងនោះ នៅតែបន្តប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់អតីតឡូត៍នេសាទលេខ៦ និងឡូត៍នេសាទលេខ៥ យ៉ាងកំរោល។ ប្រភពបានឲ្យដឹងទៀតថា ការដែលមេឈ្មួញ ភឺន ផល្លា អាចធ្វើអ្វីៗបានតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតពីមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជាប្រធានមន្ទីរពាក់ព័ន្ធផងដែរ ក្នុងខណៈដែលលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល រក្សាភាពស្ងៀមស្ងាត់។ ការរក្សាភាពស្ងៀមស្ងាត់របស់លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល និងលោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល គឺជាការទុកឲ្យមេឈ្មួញ ភឺន ផល្លា ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹករាប់ពាន់ហិកតា ។
ប្រភពបានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះមេឈ្មួញ ភឺន ផល្លា បានធ្វើសកម្មភាពបំពានកាន់កាប់ដីធ្លីប្រជាពលរដ្ឋក្នុងស្រុកល្វាឯម យ៉ាងកំរោលហើយបន្តធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់អតីតឡូត៍នេសាទនៅស្រុកលើកដែក ស្រុកស្អាង និងស្រុកកៀនស្វាយ យ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ស្រុកលើកដែក និងស្រុកស្អាង បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម ក៏ដូចជាលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីកុំឲ្យមេឈ្មួញ ភឺន ផល្លា ដែលអាងអំណាចជាឧត្តមសេនីយ៍យោធានិងមានងារជាឧកញ៉ា ហើយធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀត។ ជាពិសេសថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជានាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មិនគួរបណ្ដោយឲ្យមេឈ្មួញ ភឺន ផល្លា ដែលជាមេបញ្ជាការរងកងពលតូចលេខ៧០ ប្រើអំណាចធ្វើអ្វីៗតាមអំពើចិត្ត។បឋម