ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាសកម្មជនព្រៃឈើនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមេឈ្មួញ ណុប ឌី ហៅឆើត កំពុងបង្កើនសកម្មភាពដឹកឈើពីតំបន់អូរត្រាវ ខេត្តពោធិ៍សាត់ ចូលមកទីតាំងស្តុកឈើក្នុងលំនៅដ្ឋានរបស់ខ្លួននៅភូមិដំបងវិញ ស្រុកឱរ៉ាល់ រួចដឹកបន្តចេញទៅស្រុកយួនដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ បើតាមប្រភពពីឈ្មួញឈើមួយចំនួនក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការដែលឈ្មួញម្នាក់នេះអាចប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងសុខស្រួល គឺមានការឃុបឃិតពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តកំពង់ស្ពឺ។ ក្នុងនោះមេឈ្មួញ ណុប ឌី ហៅឆើត បង់លុយឲ្យមន្ត្រីបរិស្ថាន ដូចជាលោក ខន សុខុម នាយដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងលោក លីម សុខាប ហៅទន់ ប្រធានស្នាក់ការរងបរិស្ថានភ្នំតូច ទើបអាចដឹកជញ្ជូនឈើចេញពីតំបន់អូរត្រាវ ដោយគ្មានឧបសគ្គ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ ណុប ឌី ហៅឆើត កំពុងបង្កើនសកម្មភាពកាប់ឈើដឹកចេញពីតំបន់អូរត្រាវ ខេត្តពោធិ៍សាត់ ចូលមកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងខេត្តកំពត និងខេត្តតាកែវ យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញ ណុប ឌី ហៅឆើត នៅតែជាឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសមត្ថកិច្ចអាវុធហត្ថជាដើម។ ចំណែកឈ្មួញដទៃទៀតដូចជា ឈ្មួញឈ្មោះ ស៊ី ស ឈ្មួញឈ្មោះ ជឿង ថេង និងឈ្មួញឈ្មោះ ស្នា ជាដើម អ្នកខ្លះត្រូវជាប់ពន្ធនាគារ អ្នកខ្លះត្រូវប្រឈមនឹងបណ្ដឹងនៅក្នុងតុលាការ ប៉ុន្តែមេឈ្មួញ ណុប ឌី ហៅឆើត នៅតែអាចបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មេឈ្មួញ ណុប ឌី ហៅឆើត បានបង់លុយឲ្យលោក អេង រស្មី អនុប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ តាមការកំណត់ទើបមិនដែលឃើញមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ហ៊ានប៉ះពាល់ឈ្មួញរូបនេះឡើយ។ ទន្ទឹមនឹងនេះប្រធាននិងអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក៏ត្រូវមេឈ្មួញ ណុប ឌី ហៅឆើត បង់លុយឲ្យតាមការកំណត់យ៉ាងទៀងទាត់ដែរ ទើបមន្ត្រីបរិស្ថានក្នុងខេត្តកំពង់ស្ពឺ បណ្ដោយឲ្យមេឈ្មួញ ណុប ឌី ហៅឆើត ដឹកជញ្ជូនឈើចេញពីខេត្តកំពង់ស្ពឺ យ៉ាងពេញបន្ទុក។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរមើលរំលងបញ្ហានេះទេ ព្រោះប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា មន្ត្រីបរិស្ថានក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ គឺជាអ្នកឃុបឃិតឲ្យមេឈ្មួញ ណុប ឌី ហៅឆើត ដឹកជញ្ជូនឈើចេញពីតំបន់អូរត្រាវ និងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លូន។បឋម