ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ ចែស្រី បានបង្ហើបឲ្យដឹងថា បើទោះបីឈ្មួញម្នាក់នេះអះអាងថា ឈើរបស់ខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវក៏ដោយ ប៉ុន្តែជួនការលិខិតអនុញ្ញាតមួយសន្លឹកគេអាចដឹកជញ្ជូនឈើបានជាច្រើនជើង ព្រោះឈ្មួញមានខ្នងបង្អែករឹងមាំ។ ជុំវិញបញ្ហានេះមជ្ឈដ្ឋាននានាសង្ឃឹមថា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ចាត់វិធានការត្រួតពិនិត្យក្នុងពេលឆាប់ៗនេះ បើទោះបីមន្ត្រីរដ្ឋបាលព្រៃឈើក្នុងរាជធានីភ្នំពេញ រក្សាភាពស្ងៀមស្ងាត់ក៏ដោយ។ បើតាមប្រភពខ្លះបង្ហើបឲ្យដឹងថា ខ្នងបង្អែករបស់ឈ្មួញឈ្មោះ ចែស្រី មិនធម្មតាទេព្រោះយូរឆ្នាំមកហើយដែលឃ្លាំងស្តុកឈើរបស់ឈ្មួញម្នាក់នេះនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មិនដែលមានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានទៅក្បែរឡើយ។ ផ្ទុយទៅវិញមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ រក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មួញឈ្មោះ ចែស្រី ដឹកជញ្ជូនឈើពីខេត្តនានាមកស្តុកក្នុងឃ្លាំងដ៏ធំមួយនេះ ហើយលើកដាក់រថយន្តកុងតឺន័រដឹកជញ្ជូនចេញ។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានឃ្លាំងស្តុកឈើដ៏ធំមួយរបស់ឈ្មួញឈ្មោះ ចែស្រី ហើយមិនដែលឃើញមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចុះមកពិនិត្យទាល់តែសោះ បើទោះបីក្នុងឃ្លាំងនោះមានស្តុកឈើរាប់រយម៉ែត្រគូបក៏ដោយ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញមួយចំនួនបានដឹកឈើតាមរថយន្តធំៗមកលើកចុះនៅក្នុងឃ្លាំងរបស់ឈ្មួញឈ្មោះ ចែស្រី ហើយនៅពេលទៀបភ្លឺមានរថយន្តកុងតឺន័រដឹកឈើចេញពីឃ្លាំងនោះយ៉ាងរលូន។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលិស្ស ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ពិនត្យឡើងវិញជាបន្ទាន់អំពីបញ្ហានេះ។
កាលពីព្រឹកថ្ងៃទី០៤ ខែមីនា កន្លងទៅថ្មីៗនេះឈ្មួញឈ្មោះ ចែស្រី បានប្រាប់អ្នកសារព័ត៌មានថា ឈើរបស់ខ្លួនគឺជាឈើដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវនិងជាឈើដែលដេញថ្លៃបានពីរដ្ឋបាលព្រៃឈើនៅតាមបណ្ដាខេត្តមួយចំនួន។ ក៏ប៉ុន្តែឈ្មួញឈ្មោះ ចែស្រី មិនបានបង្ហាញច្បាប់អនុញ្ញាតឲ្យអ្នកសារព័ត៌មានបានឃើញនោះទេ គឺមានការលាក់បាំងជុំវិញបញ្ហានេះព្រោះនរណាក៏ដឹងដែរថាឈ្មួញឈ្មោះ ចែស្រី មានខ្នងបង្អែករឹងមាំជាយូរមកហើយ។ ជាក់ស្ដែងឈ្មួញឈ្មោះ ចែស្រី មានឃ្លាំងស្តុកឈើដ៏ធំនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៏ប៉ុន្តែមិនដែលឃើញមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើចុះទៅត្រួតពិនិត្យដល់ឃ្លាំងស្តុកឈើរបស់ឈ្មួញម្នាក់នោះទាល់តែសោះ។បឋម