សមត្ថកិច្ចពាក់ព័ន្ធនៅក្នុង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មេឈ្មួញ សឹង សំអុល ប្រើប្រាស់ រថយន្តយីឌុបធំៗរាប់សិប គ្រឿងដឹកចេញពីស្រុក កោះញែក ខេត្តមណ្ឌលគិរី នោះគឺនាំចេ ញទៅស្រុកយួនតាមច្រក ព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទន្ទឹមនឹងនេះមេឈ្មួញ សឹង សំអុល និងបក្ខពួកក៏មានដឹកឈើតាមរថយន្តយីដុបធំៗចេញទៅស្រុកយួនតាមច្រកម៉ឺនជ័យ និងច្រកបន្ទាយចក្រី ខេត្តព្រៃវែង ផងដែរព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការបង្ក្រាបនោះទេ។ ផ្ទុយទៅវិញមេរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ជាដើមសុទ្ធតែទទួលបានផលប្រយោជន៍ពីមេឈ្មួញ សឹង សំអុល និងបក្ខពួកហើយជួយសម្របសម្រួលឲ្យសកម្មភាពដឹកឈើរបស់ឈ្មួញទាំងនេះទៅដល់គោលដៅយ៉ាងសុខស្រួល។ ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះមេឈ្មួញ សឹង សំអុល ដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមកនោះកំពុងបង្កើនសកម្មភាពបំផ្លាញព្រៃឈើក្នុងខេត្តមណ្ឌលគិរី យ៉ាងមហន្តរាយហើយដឹកជញ្ជូនឈើទៅស្រុកយួនដោយគ្មានខ្លាចក្រែងអ្វីឡើយ។
សេចក្ដីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមេឈ្មួញ សឹង សំអុល បានប្រើប្រាស់រថយន្តយីឌុបធុនធំរាប់សិបគ្រឿងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញែក យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីបរិស្ថានប្រចាំតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកកោះញែក ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតបានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យមេឈ្មួញ សឹង សំអុល និងបក្ខពួករបស់ខ្លួនគឺមេឈ្មួញ ប៉ោ សំអឿន និងមេឈ្មួញ តុប វីដា កាប់ឈើ អារច្រៀកឈើ ដឹកជញ្ជូនឈើចេញទៅស្រុកយួនកាន់តែច្រើនឡើងៗ។ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ត្រូវប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានារិះគន់ថា ជាអ្នកឃុបឃិតបើកដៃឲ្យមេឈ្មួញ សឹង សំអុល ព្រមទាំងបក្ខពួកបន្តបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក យ៉ាងមហន្តរាយ។
ប្រភពដែលស្និទ្ធនឹងមេឈ្មួញ សឹង សំអុល បានឲ្យដឹងថា ការដែលឈ្មួញម្នាក់នេះនិងបក្ខពួកហ៊ានបន្តកាប់ឈើ អារច្រៀកឈើ ដឹកជញ្ជូនឈើចេញពីស្រុកកោះញែក យ៉ាងពេញបន្ទុកគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ក្នុងខណៈដែលលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានត្រឹមចេញបទបញ្ជាឲ្យល្អមើល។ ការពិតក្រោយពេលលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចេញបទបញ្ជាឲ្យមន្ទីរពាក់ព័ន្ធនិងសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាពនោះ គឺមេឈ្មួញ សឹង សំអុល និងបក្ខពួកបន្តសកម្មភាពបំផ្លាញព្រៃឈើកាន់តែខ្លាំងក្លាលើសមុន។(មានតភាគ)