ប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប៉ូ សង្កាត់អូរប្ញស្សី ក្រុងស្ទឹងត្រែង បានឲ្យដឹងថា មេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ ប្រកបរបរប្រមូលទិញឈើប្រណីតពីខេត្តស្ទឹងត្រែង ដឹកជញ្ជូនមកស្តុកទុកក្នុងលំនៅដ្ឋានរបស់ខ្លួន ហើយដឹកចេញទៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងក្នុងស្រុកស្នួល ខេត្តក្រចេះ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការដែលសមត្ថកិច្ចបង្ក្រាបទីតាំងស្តុកឈើក្នុងលំនៅដ្ឋានរបស់មេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ មិនមែនជាលើកទី១ទេ គឺច្រើនលើកមកហើយ ប៉ុន្តែឈ្មួញម្នាក់នេះនៅតែអាចគេផុតពីសំណាញ់ច្បាស់ហើយបន្តអាជីវកម្មរបស់ខ្លួនយ៉ាងរលូន។ ដូច្នេះមិនយូរទេឈើនិងវត្ថុតាងដែលសមត្ថកិច្ចបង្ក្រាបនោះ អាចត្រូវបានដោះលែងវិញជាមិនខាន ហើយមេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើនដដែល ព្រោះអាងមានខ្នងបង្អែករឹងមាំកំពុងជួយសម្របសម្រួល។
សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងក្រុងក្រចេះ ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈកន្លងទៅនេះមេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ បានដឹកជញ្ជូនឈើជាច្រើនរថយន្តចូលមកស្តុកទុកក្នុងលំនៅដ្ឋានរបស់ខ្លួន ក្នុងភូមិកាប៉ូ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ។ ប្រភពបានឲ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចុះឆែកឆេរលំនៅដ្ឋានមេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ ហើយរឹបអូសឈើប្រណីតដែលផ្ទុកក្នុងរថយន្តចំនួន៨គ្រឿងដើម្បីចាត់វិធានការតាមនីតិវិធី។ ពាក់ព័ន្ធនឹងការបង្ក្រាបនេះមេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ បានខឹងសម្បាជាមួយអ្នកសារព័ត៌មានយ៉ាងខ្លាំង ព្រោះអីអ្នកសារព័ត៌មានបានរាយការណ៍ទៅឲ្យសមត្ថកិច្ចអាវុធហត្ថចាត់វិធានការបង្ក្រាបឈើនិងរថយន្តដឹកឈើរបស់ខ្លួន។
សមត្ថកិច្ចអាវុធហត្ថខេត្តក្រចេះ ដែលចូលរួមបង្ក្រាបបទល្មើសព្រៃឈើក្នុងលំនៅដ្ឋានរបស់មេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ បានឲ្យដឹងថា ឈ្មួញម្នាក់នេះល្បីល្បាញខងប្រមូលទិញឈើប្រណីតពីខេត្តស្ទឹងត្រែង មកស្តុកទុកក្នុងលំនៅដ្ឋានរបស់ខ្លួន ហើយដឹកចេញទៅស្រុកយួនតាមច្រករបៀងនិងច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ យ៉ាងរលូន។ ប៉ុន្តែប្រហែលថ្មីៗនេះមេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ ចង់លោតឆ័ត្រដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនដោយមិនបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបត្រូវប្រឈមនឹងការបង្ក្រាបពីសំណាក់សមត្ថកិច្ចអាវុធហត្ថខេត្តក្រចេះ តែម្តង។ ទោះជាយ៉ាងណាមេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងគឃ្លើនដដែល ព្រោះសមត្ថកិច្ចបង្ក្រាបតែឈើនិងរថយន្តជាវត្ថុតាងប៉ុណ្ណោះ ព្រោះឈ្មួញម្នាក់នេះមានខ្នងបង្អែកយ៉ាងរឹងមាំផងដែរ។ មេរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះ ត្រូវបានគេដឹងថាជាអ្នកសម្របសម្រួលឲ្យមេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ ដឹកជញ្ជូនឈើចេញទៅស្រុកយួន ប៉ុន្តែប្រហែលពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ទើបមេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូ ត្រូវប្រឈមនឹងការបង្ក្រាបដើម្បីជាការព្រមាន។បឋម