សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីណាំលៀ ស្រុកពេជ្រាដា ច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង និងច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា បានលើកឡើងថា ឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វេភាគីទាំង៣កន្លែងនេះជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងបក្ខពួកមួយក្ដាប់តូច។ លើសនេះទៅទៀតក្រុមឈ្មួញដែលសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីទាំង៣កន្លែងខាងលើក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយផងដែរ ព្រោះលោក ហ៊ុយ សុជាតិ បានចាត់តាំងមន្ត្រីគយចល័តឲ្យចាំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងសុខស្រួល។ ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ បានលើកឡើងទៀតថា ក្រោយពេលទទួលបានតំណែងជាមេគយខេត្តមណ្ឌលគិរី រួចមកគឺលោក ហ៊ុយ សុជាតិ គិតតែពីរឿងប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់ ហើយមិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងប្រេងសាំងគេចពន្ធម្ដងណាឡើយ។
ប្រភពពីមន្ត្រីគយនៅក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក ហ៊ុយ សុជាតិ បានយកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកអនុវត្តន៍ក្នុងតួនាទីជាមេគយខេត្តមណ្ឌលគិរី យ៉ាងសុខស្រួលដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកដាក់ដាំ ច្រកណាំលៀ និងច្រកឡាប៉ាខេ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ក្នុងនោះឈ្មួញម្ចាស់ដេប៉ូលក់គ្រឿងសំណង់មួយកន្លែងមានយីហោដេប៉ូឆៃលី នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានគេដឹងថាជាឈ្មួញមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុយ សុជាតិ ដើម្បីឲ្យមុខរបររបស់ខ្លួនប្រព្រឹត្តទៅដោយរលូន។
ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានបញ្ជាក់ថា បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ហ៊ុយ សុជាតិ ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក ហ៊ុយ សុជាតិ កាន់តែមានអំណាចនិងឥទ្ធិពលខ្លាំងក្លាក្នុងការបន្តប្រព្រឹត្តអំពើពុករលួយពេញទំហឹងដោយយកឈ្មោះលោក អូន ព័ន្ធមុនីរ័ត្ន និងឈ្មោះលោក គុណ ញឹម មកប្រើដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ឲ្យបានស៊ីជម្រៅនៅឡើយទេ។មានតភាគ