ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បានឲ្យដឹងថា រយៈពេល ជាង៣ខែកន្លង ទៅនេះ ឈ្មួញ ហូវ ជីវ៉ៃ និងឈ្មួញ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ បន្តសកម្មភាពដឹកជញ្ជូន ឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដោយមានការឃុបឃិតពីសំណាក់លោកឧត្តមសេនីយ៍ ត្រី អ៊ីចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ផងដែរ។ ចំណែកប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមេឈ្មួញ ហូវ ជីវ៉ៃ និងមេឈ្មួញ ណាប់ វណ្ណៈ បានជួលប្រជាពលរដ្ឋឲ្យដឹកឈើចេញទៅស្រុកយួនតាមច្រករបៀងឃុំញ៉ាង ដោយប្រើម៉ូតូរាប់រយគ្រឿងក្នុងមួយយប់ៗ។ រហូតមកដល់ពេលនេះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការបង្ក្រាបឈ្មួញ ហូវ ជីវ៉ៃ និងឈ្មួញ ណាប់ វណ្ណៈ ដែលជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី នោះទេព្រោះពួកគេមានខ្នងបង្អែករឹងមាំអាចធ្វើអ្វីៗស្រេចតែអំពើចិត្តដោយគ្មានញញើតអ្វីឡើយ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានរិះគន់ថា លោក ថង សាវុន អភិបាលខេត្តរតនគិរី លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី និងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី មិនចាត់វិធានការទប់ស្កាត់បង្ក្រាបក្រុមឈ្មួញដែលសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ។ ផ្ទុយទៅវិញប្រភពខ្លះបានឲ្យដឹងថា លោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏ដូចជាមេនគរបាល និងមេអាវុធហត្ថខេត្តរតនគិរី គឺជាអ្នកឃុបឃិតឲ្យឈ្មួញធំៗបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក៏ដូចជាច្រករបៀងក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ស្រេចតែអំពើចិត្ត។ ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវ កំពុងប្រឈមនឹងសេចក្ដីវិនាសសាបសូន្យ ព្រោះសូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងបំពេញបេសកកម្មនៅខេត្តរតនគិរី ក៏មិនហ៊ានប៉ះពាល់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុកនោះដែរ។
ប្រភពពីមន្ត្រីអាវុធហត្ថក្នុងបញ្ជាការដ្ឋានអាវុធហត្ថខេត្តរតនគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា ចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០១៨ រហូតដល់ពេលនេះឈ្មួញ២នាក់ដែលជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី គឺឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងឈ្មួញឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ សម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងឈ្មួញឈ្មោះ ណាប់ វណ្ណៈ ហ៊ានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងអនាធិបតេយ្យ គឺដោយសារអាងមានលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ជាខ្នងបង្អែកយ៉ាងរឹងមាំ។ ប្រសិនបើគ្មានខ្នងបង្អែករឹងមាំទេនោះ គឺឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងឈ្មួញឈ្មោះ ណាប់ វណ្ណៈ មិនហ៊ានធ្វើសកម្មភាពបំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះឡើយ។បឋម