ប្រភពពីមន្ត្រីអាវុធហត្ថនៅក្នុងទីបញ្ជាករដ្ឋានអាវុធហត្ថខេត្តពោធិ៍សាត់ បានឲ្យដឹងថា កន្លងមកធ្លាប់មានមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសចុះទៅបើកការស៊ើបអង្កេតជុំវិញករណីលោក តែម ធារ៉ា ក្លាយជាមេឈ្មួញប្រមូលទិញឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីខេត្តពោធិ៍សាត់។ ក្រោយពេលមានការស៊ើបអង្កេតទើបមេឈ្មួញ តែម ធារ៉ា ផ្អាកសកម្មភាពរបស់ខ្លួនមួយរយៈសិន ប៉ុន្តែឈ្មួញមួយចំនួនដែលជាបក្ខពួករបស់មេឈ្មួញ តែម ធារ៉ា នៅតែបន្តសកម្មភាពប្រមូលទិញឈើពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចូលមករាជធានីភ្នំពេញ យ៉ាងរលូន។ អាចនិយាយបានថាមេឈ្មួញ តែម ធារ៉ា នៅតែមានឥទ្ធិពលក្នុងការសម្រួលឲ្យឈ្មួញតូចៗដែលជាបក្ខពួករបស់ខ្លួនដឹកជញ្ជូនឈើពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ចូលមកដល់រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមេឈ្មួញ តែម ធារ៉ា មន្ត្រីអាវុធហត្ថខេត្តពោធិ៍សាត់ ដែលល្បីល្បាញខាងដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តពោធិ៍សាត់ នោះបានផ្អាកសកម្មភាពមួយរយៈក្រោយពេលបណ្ដាញព័ត៌មាននានាផ្សព្វផ្សាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែជាក់ស្ដែងបក្ខពួកមួយចំនួនរបស់មេឈ្មួញ តែម ធារ៉ា នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុកដដែល ហើយពួកគេយកឈ្មោះមេឈ្មួញ តែម ធារ៉ា មកប្រើប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថាមេឈ្មួញ តែម ធារ៉ា មានលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជាបង្អែកដ៏រឹងមាំដូច្នេះឈ្មួញដែលជាបក្ខពួករបស់លោក តែម ធារ៉ា ក៏នៅតែមានឥទ្ធិពលក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងរាលដាលដដែល។
ប្រភពពីមន្ត្រីនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា កន្លងមកកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកវាលវែង និងនៅស្រុកភ្នំក្រវាញ ជាច្រើនករណី។ ក៏ប៉ុន្តែមេឈ្មួញ តែម ធារ៉ា ដែលជាមន្ត្រីអាវុធហត្ថខេត្តពោធិ៍សាត់ ហើយជាមនុស្សជំនិតរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ តែងចៀសផុតពីការបង្ក្រាបយ៉ាងសុខស្រួល។ ឥឡូវនេះនៅពេលសកម្មភាពរបស់ខ្លួនត្រូវបានលាតត្រដាងជាបន្តបន្ទាប់ គឺមេឈ្មួញ តែម ធារ៉ា បានផ្អាកសកម្មភាពមួយរយៈសិន ប៉ុន្តែឈ្មួញដែលជាបក្ខពួករបស់មេឈ្មួញ តែម ធារ៉ា នៅតែធ្វើអ្វីៗតាមអំពើចិត្តដដែល។ ទន្ទឹមនឹងនេះលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនហ៊ានប៉ះពាល់ក្រុមឈ្មួញដែលជាបក្ខពួករបស់មេឈ្មួញ តែម ធារ៉ា ។បឋម