ខេត្តកំពត៖ ប្រជាពលរដ្ឋនិងអាជីវករដឹកស្រូវទៅលក់ឲ្យឈ្មួញយួន បានអំពាវនាវឲ្យលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត និងស្នងការនគរបាលខេត្តកំពត ទប់ស្កាត់អំពើពុករលួយរបស់សមត្ថកិច្ចប្រចាំច្រករបៀងព្រែកអន្សា ស្រុកបន្ទាយមាស ជាបន្ទាន់។ ដោយហេតុថាមួយរយៈកន្លងទៅនេះសមត្ថកិច្ចប្រចាំច្រករបៀងព្រែកអន្សា គាបយកលុយពីពលរដ្ឋនិងអាជីវករដឹកជញ្ជូនស្រូវយកទៅលក់ឲ្យឈ្មួញយួនកាន់តែច្រើនឡើងៗដោយគ្មានញញើតអ្វីទាំងអស់។ ប្រការនេះហើយដែលធ្វើឲ្យតម្លៃស្រូវរបស់កសិករខ្មែរមានតម្លៃថោក ព្រោះឈ្មួញនិងអាជីវករដឹកស្រូវទៅស្រុកយួនត្រូវបង់លុយឲ្យសមត្ថកិច្ចពុករលួយច្រើនពេក។
តាមប្រភពពីអាជីវករនិងពលរដ្ឋដែលដឹកស្រូវទៅលក់ឲ្យឈ្មួញយួនតាមច្រករបៀងព្រែកអន្សា ស្រុកបន្ទាយមាស ខេត្តកំពត បានឲ្យដឹងថាមួយរយៈកន្លងទៅនេះសមត្ថកិច្ចពាក់ព័ន្ធនៅច្រករបៀងខាងលើ ប្រើអំណាចគាបយកលុយពីពួកគាត់កាន់តែច្រើនឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា មិនមែនតែសមត្ថកិច្ចប្រចាំច្រករបៀងព្រែកអន្សា ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ប៉ុណ្ណោះទេដែលកំពុងគាបយកលុយពីអ្នកដឹកស្រូវទៅលក់ឲ្យឈ្មួញយួន គឺសូម្បីតែសមត្ថកិច្ចតាមដងផ្លូវក្នុងខេត្តកំពត ឆ្ពោះទៅតាមច្រករបៀងព្រែកអន្សា ក៏គាបយកលុយពីពួកគាត់កាន់តែច្រើនឡើងៗដែរ។ ហេតុនេះហើយទើបអាជីវករដែលប្រមូលទិញស្រូវពីខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកំពតជាដើម ប្រឈមនឹងការលំបាកយ៉ាងខ្លាំងស្ទើរតែគ្មានសល់កម្រៃចំណេញដោយសារតែសមត្ថកិច្ចពុករលួយគាបយកលុយច្រើនពេក។
ទាក់ទងនឹងបញ្ហាខាងលើនេះអាជីវករមួយចំនួនបានឲ្យដឹងថា ក្នុងរថយន្តធុនធំដឹកស្រូវ១គ្រឿងពួកគាត់ត្រូវបង់លុយឲ្យសមត្ថកិច្ចនៅច្រករបៀងព្រែកអន្សានិងសមត្ថកិច្ចតាមដងផ្លូវសរុបអស់រាប់សិបម៉ឺនរៀល ដូច្នេះស្ទើរតែគ្មាននៅសល់ផលចំណេញ។ ហេតុនេះហើយទើបពលរដ្ឋនិងអាជីវករដែលដឹកជញ្ជូនស្រូវទៅលក់ឲ្យឈ្មួញយួនតាមច្រកព្រែកអន្សា ស្រុកបន្ទាយមាស ខេត្តកំពត អំពាវនាវឲ្យលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត និងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចាត់វិធានការលុបបំបាត់អំពើពុករលួយរបស់សមត្ថកិច្ចនៅច្រកព្រែកអន្សា និងសមត្ថកិច្ចនៅតាមដងផ្លូវក្នុងខេត្តកំពត ជាបន្ទាន់។ ដោយហេតុថាសមត្ថកិច្ចទាំងនោះមិនបានជួយអ្វីដល់ប្រជាពលរដ្ឋទាល់តែសោះហើយបែរជាប្រព្រឹត្តអំពើពុករលួយជំរិតយកលុយពីពលរដ្ឋនិងអាជីវករដែលដឹកជញ្ជូនស្រូវទៅលក់ឲ្យឈ្មួញយួនយ៉ាងគឃ្លើនទៅវិញ៕