ប្រភពដែលស្និទ្ធនឹងលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ បានឲ្យដឹងថា ដោយសារមានលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ជាបង្អែករឹងមាំទើបលោក ថៃ លី ហ៊ានបំពានលើបទបញ្ជារបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដោយគ្មានញញើតអ្វីទាំងអស់។ ជាក់ស្ដែងមួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ ចែរ៉ុង និងឈ្មួញឈ្មោះ ធីម ដែលរស់នៅក្នុងឃុំធ្លក ស្រុកអង្គរបុរី ឃុបឃិតជាមួយឈ្មួញយួនឈ្មោះ ច្រុប នាំចូលជ្រូកពីស្រុកយួនយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ជាពិសេសនៅតាមច្រកបាក់ដៃមានក្រុមឈ្មួញសម្រុកនាំចូលជ្រូកពីស្រុកយួនយ៉ាងងងើល ព្រោះលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ក៏ដូចជាលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ គិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួន។
មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ មួយចំនួនបានបង្ហើបឲ្យដឹងថា បទបញ្ជារបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងការជំរុញឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់សកម្មភាពនាំចូលជ្រូកពីស្រុកយួននោះ កំពុងក្លាយជារឿងឥតន័យឥតប្រយោជន៍។ ដោយហេតុថា លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ព្រមទាំងមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចតាមច្រករបៀងនិងច្រកព្រំដែនជាប់ជាមួយប្រទេសយួននៅតែឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកឈឺ ជ្រូកងាប់ ពីប្រទេសយួនយ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។
មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានកត់សម្គាល់ថា ថ្មីៗនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្រេចដកហូតលោក រី ដាវិន មេពេទ្យសត្វខេត្តត្បូងឃ្មុំ ចេញពីតំណែងដោយសារជាប់ពាក់ព័ន្ធនឹងការឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីស្រុកយួនតាមច្រករបៀងក្នុងស្រុកពញាក្រែក និងស្រុកមេមត់ យ៉ាងពេញបន្ទុក។ ដូច្នេះករណីលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូករស់ជ្រូកងាប់តាមច្រករបៀងក្នុងស្រុកអង្គរបុរី និងស្រុកគិរីវង់ ខេត្តតាកែវ គឺជារឿងដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ។ ដោយហេតុថា បទបញ្ជារបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងការទប់ស្កាត់សកម្មភាពនាំចូលជ្រូកពីស្រុកយួនកំពុងក្លាយទៅជារឿងឥតន័យ ព្រោះលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ មិនខ្វល់ពីការអនុវត្តតាមបទបញ្ជារបស់អភិបាលខេត្តនោះឡើយ ហើយបន្តឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីស្រុកយួន។(មានត)