ប្រភពពីប្រជាពលរដ្ឋនៅ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងថាឈ្មួញឈ្មោះ ហាក់ សេង កំពុងធ្វើ សកម្មភាពចាក់ ដីលុបត្រពាំងបុរាណមួយនៅខាង លិចទំនប់៧៨ជ្រាវ មានឈ្មោះថា ត្រពាំងរហាលវៀន ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយគ្មានញញើតអ្វីទាំងអស់។ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក៏ដូចជាអភិបាលក្រុងសៀមរាប ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្ដោយឲ្យឈ្មួញឈ្មោះ ហាក់ សេង ចាក់ដីលុបត្រពាំងបុរាណយកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើនគ្មានញញើតអ្វីឡើយ។ សូម្បីតែលោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលឈ្មួញឈ្មោះ ហាក់ សេង ធ្វើសកម្មភាពចាក់ដីលុបត្រពាំងបុរាណនៅខាងលិចទំនប់៧៨ ភូមិជ្រាវ សង្កាត់ជ្រាវ យ៉ាងរលូន។
កន្លងមកឈ្មួញឈ្មោះ ហាក់ សេង ដែលមានការឃុបឃិតជាមួយលោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាស់ទឹកទំនប់៧៨ជ្រាវ និងលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងចាក់ដីលុបព្រៃលិចទឹកក្នុងសង្កាត់ជ្រាវ។ សកម្មភាពរបស់ឈ្មួញឈ្មោះ ហាក់ សេង មិនទាន់ត្រូវបានអភិបាលក្រុងសៀមរាប ក៏ដូចជាលោក ទៀ សីហា អភិបាលខេត្តសៀមរាប ចាត់វិធានការទប់ស្កាត់នៅឡើយទេ ហើយឈ្មួញឈ្មោះ ហាក់ សេង នៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងក្រអឺតក្រទម។ ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងថា ដោយសារមានខ្នងបង្អែករឹងមាំទើបឈ្មួញឈ្មោះ ហាក់ សេង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ហើយប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺឈ្មួញឈ្មោះ ហាក់ សេង មិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។
ប្រជាពលរដ្ឋនៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ បានអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការតាមច្បាប់ទៅលើឈ្មួញឈ្មោះ ហាក់ សេង ជាបន្ទាន់ព្រោះឈ្មួញម្នាក់នេះឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងសង្កាត់ជ្រាវ យ៉ាងកំរោលហើយបច្ចុប្បន្នឈ្មួញម្នាក់នេះចាក់ដីលុបត្រពាំងបុរាណតាមអំពើចិត្តថែមទៀត។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋសង្ស័យថា ប្រសិនបើគ្មានការឃុបឃិតពីអាជ្ញាធរសង្កាត់ជ្រាវ អាជ្ញាធរក្រុងសៀមរាប និងអាជ្ញាធរខេត្តសៀមរាប ព្រមទាំងមន្ទីរពាក់ព័ន្ធទេនោះ គឺឈ្មួញឈ្មោះ ហាក់ សេង មិនអាចបន្តបំផ្លាញព្រៃលិចទឹកនិងចាក់ដីលុបត្រពាំងធម្មជាតិដែលជាត្រពាំងបុរាណយ៉ាងរលូនដូចសព្វថ្ងៃនេះទេ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអភិបាលក្រុងសៀមរាប ក៏ដូចជាលោក ទៀ សីហា អភិបាលខេត្តសៀមរាប កំពុងបណ្ដោយឲ្យឈ្មួញឈ្មោះ ហាក់ សេង ធ្វើអ្វីៗស្រេចតែអំពើចិត្ត។បឋម