ប្រភពពីប្រជាពលរដ្ឋនៅស្រុកឆ្លូង ខេត្តក្រចេះ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជារៀងរាល់យប់លើផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ក៏ដូចជានៅលើផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ខេត្តក្រចេះ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានសមត្ថកិច្ចនគរបាល ក៏ដូចជាសមត្ថកិច្ចអាវុធហត្ថដាក់គោលដៅត្រួតពិនិត្យដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ក៏ដូចជាទប់ស្កាត់បទល្មើសផ្សេងៗទៀត។ ក៏ប៉ុន្តែជាក់ស្ដែងសមត្ថកិច្ចទាំងនោះ គឺជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើពីខេត្តក្រចេះ ចូលខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួលឲ្យតែក្រុមឈ្មួញបង់លុយតាមការកំណត់របស់ពួកគេ។ ទន្ទឹមនឹងនេះតាមការបង្ហើបពីឈ្មួញមួយចំនួនបានឲ្យដឹងថា ការដែលពួកគេអាចដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៣ ដោយគ្មានការរំខានគឺដោយសារពួកគេបង់លុយតាមការកំណត់របស់សមត្ថកិច្ចពុករលួយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មួយរយៈកន្លងទៅនេះមានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តក្រចេះ ចូលខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក ជាពិសេសនៅពេលយប់ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា ការដែលក្រុមឈ្មួញអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅខេត្តស្វាយរៀង ខេត្តព្រៃវែង និងចេញទៅស្រុកយួនយ៉ាងរលូន គឺមានការឃុបឃិតបើកដៃពីសំណាក់លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដូចជា សមត្ថកិច្ចអាវុធហត្ថ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាដើម បានចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ពួកគេ ទើបពួកគេសម្រួលឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន ដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា មានឈ្មួញ៧នាក់ធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ចូលទៅខេត្តព្រៃវែង ខេត្តស្វាយរៀង ក៏ដូចជាចេញទៅស្រុកយួនយ៉ាងគឃ្លើន។ ឈ្មួញទាំងនោះមានដូចជា ទី១-ឈ្មោះ គន្ធ ទី២-ឈ្មោះ ឆាយ ទី៣-ឈ្មោះ នី ទី៤-ឈ្មោះ បុល ទី៥-ឈ្មោះ ហុង ទី៦-ឈ្មោះ ចែនាង និងទី៧-ឈ្មោះ ឆយ ដោយរាល់សកម្មភាពរបស់ពួកគេមិនដែលមានមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ។ ក្នុងមួយយប់ៗឈ្មួញដឹកជញ្ជូនឈើពីខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ពី៣០ទៅ៥០រថយន្តសាំយ៉ុងកែច្នៃ ព្រមទាំងរថយន្តផ្សេងៗទៀត ហើយលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ សម្ងំទទួលផលប្រយោជន៍។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគំហុកពីខេត្តក្រចេះ ឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅខេត្តព្រៃវែង និងខេត្តសា្វយរៀង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក គឹម ឈុនលី មេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ និងសមត្ថកិច្ចពាក់ព័ន្ធ។មានត