សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា សូម្បីតែដីធ្លីពួកគាត់ដែលកំពុងកាន់កាប់ស្របច្បាប់ ហើយមានឯកសារកាន់កាប់ទទួលស្គាល់ដោយមន្ត្រីអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ក៏ត្រូវក្រុមហ៊ុនហ្វាយអិលភីគ្រុប រំលោភយកយ៉ាងកំរោលផងដែរ ហើយថែមទាំងបិទផ្លូវធ្វើដំណើរមិនឲ្យប្រជាពលរដ្ឋចូលទៅកាន់ដីធ្លីរបស់ខ្លួនទៀតផង។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ រហូតមកក្រុមហ៊ុនហ្វាយអិលភីគ្រុប បានប្រើគ្រឿងចក្រប្រមាណ១០គ្រឿង ឈូសឆាយដីនៅចំណុចថ្មធំ ហើយចាក់ដីលុបឆ្នេរសមុទ្រយ៉ាងពេញបន្ទុក ព្រោះគ្មានមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរ ចាត់វិធានការទប់ស្កាត់នៅឡើយទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រសួងពាក់ព័ន្ធ ព្រមទាំងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុនហ្វាយអិលភីគ្រុប ជាបន្ទាន់ដើម្បីកុំឲ្យក្រុមហ៊ុននេះធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា មួយរយៈកន្លងទៅនេះក្រុមហ៊ុនហ្វាយអិលភីគ្រុប បានសម្រុកចាក់ដីលុបឆ្នេរសមុទ្រក្នុងមូលដ្ឋានពួកគាត់យ៉ាងពេញបន្ទុក ដោយគ្មានមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ឬមន្ទីរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ឡើយ។ សូម្បីតែលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលក្រុមហ៊ុនហ្វាយអិលភីគ្រុប ចាក់ដីលុបឆ្នេរសមុទ្រនៅចំណុចថ្មធំ ភូមិ១ ឃុំទំនប់រលក យ៉ាងគឃ្លើន។ លើសនេះទៅទៀតក្រុមហ៊ុនហ្វាយអិលភីគ្រុប បានចាក់ដីបំពានរំលោភលើដីធ្លីប្រជាពលរដ្ឋនៅជិតៗនោះ ដោយគ្មានញញើតអ្វីទាំងអស់ គឺក្រុមហ៊ុនហ្វាយអិលភីគ្រុប ទន្ទ្រានយកដីធ្លីប្រជាពលរដ្ឋក្នុងភូមិ១ យ៉ាងកំរោលតែម្ដង។
ប្រជាពលរដ្ឋបានឲ្យដឹងថា ករណីក្រុមហ៊ុនហ្វាយអិលភីគ្រុប ឈូសឆាយចាក់ដីលុបឆ្នេរសមុទ្រនៅចំណុចថ្មធំ ភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងពេញបន្ទុកដល់បរិស្ថានធម្មជាតិ ព្រមទាំងប៉ះពាល់លើដីធ្លីប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតផង។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ មិនទាន់ចាត់វិធានការទប់ស្កាត់សកម្មភាពក្រុមហ៊ុនហ្វាយអិលភីគ្រុប ចាក់ដីលុបឆ្នេរសមុទ្រនិងបំពានលើដីធ្លីប្រជាពលរដ្ឋយ៉ាងគឃ្លើននោះទេ បើទោះបីដឹងថា ក្រុមហ៊ុនមិនទាន់មានច្បាប់អនុញ្ញាតយ៉ាងណាក៏ដោយ។មានត