ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនដំឡូងមីទៅស្រុកយួនបានឲ្យដឹងថា សម្រាប់រថយន្តធុនធំដឹកដំឡូងមី១គ្រឿងត្រូវបង់លុយឲ្យលោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ឃុំស្រែចារ ស្រុកស្នួល ចំនួន១៥ម៉ឺនរៀលជាថ្នូរមិនបាច់ចូលថ្លឹង។ ទន្ទឹមនឹងនេះគ្រប់រថយន្តដឹកទំនិញ ដឹកកសិផល ទោះបីមិនផ្ទុកលើសទម្ងន់ក៏ដោយ ក៏លោក អ៊ុយ ហឿន និងបក្ខពួកតម្រូវឲ្យបង់លុយក្នុង១ជើង២ម៉ឺនរៀលផងដែរ សម្រាប់ថ្លៃបាយទឹករបស់ពួកគេ។ បើតាមប្រភពពីមន្ត្រីពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា សម្រាប់រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនមួយចំនួនមិនបាច់ចូលថ្លឹងឡើយ គឺគេរាប់ក្បាលរថយន្តយកលុយក្នុង១គ្រឿង៤ម៉ឺនរៀល ក៏អាចបន្តដំណើរទៅមុខយ៉ាងរលូនដោយមិនខ្វល់ពីរឿងផ្លូវខូចអ្វីនោះទេ។
ប្រភពព័ត៌មានពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ បានឲ្យដឹងថា លោក សាំង ប៊ុនថេន ប្រធានមន្ទីរាធារណការខេត្តក្រចេះ ឃុបឃិតឲ្យលោក អ៊ុន ហឿន ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ឃុំស្រែចារ ស្រុកស្នួល ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ និងលោក អ៊ុន ហឿន ធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ព្រមទាំងបក្ខពួកជាបន្ទាន់។
បើតាមការបង្ហើបពីប្រភពស្និទ្ធនឹងលោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ឃុំស្រែចារ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តធុនធំដឹកទំនិញ ដឹកកសិផល ឆ្លងកាត់មុខស្ថានីយ៍មួយនេះមិនតិចជាង១០០គ្រឿងឡើយ។ ដូច្នេះលោក អ៊ុយ ហឿន អាចប្រមូលលុយបានយ៉ាងច្រើសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ ហើយប្រហែលមានការបែងចែកទៅលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ព្រមទាំងមន្ត្រីធំៗនៅក្រសួងសាធារណការផងដែរ ទើបលោក អ៊ុយ ហឿន នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន។ ក្នុងនោះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ កំពុងសម្ងំស្ងាត់ឈឹងហើយលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ដេកលក់ធ្វើមិនដឹងមិនឮមិនខ្វល់ពីការរិះគន់អ្វីឡើយ។ មានការរិះគន់ចំៗថា លោក សាំង ប៊ុនថេន យកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានមន្ទីរសាធារណការខេត្តឧត្ដរមានជ័យ មកអនុវត្តន៍ក្នុងតួនាទីជាប្រធានមន្ទីរសាធារណការខេត្តក្រចេះ។មានត